គ.ជ.ប បានចែកលិខិតអញ្ជើញប្រជាពលរដ្ឋបានជាង៦លាននាក់ស្មើនឹង ៦៣,៣៣% នៃចំនួនលិខិតអញ្ជើញ ដែលបានបោះពុម្ព
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥
ឯកឧត្ដម ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) មានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២៥ នេះថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គ.ជ.ប. តាមរយៈ លធ.ខប ដែលសហការអនុវត្តន៍ដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ-សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួនជាង ៦លាននាក់ ស្មើនឹង ៦៣,៣៣% នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព ហើយការងារចុះចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៥។

ឯកឧត្ដអនុប្រធាន គ.ជ.ប បានបញ្ជាក់ទៀតថា នៅមុនបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយ ជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ តាមមធ្យោបាយ ដូចជា ក្រុមប្រឹក្សាឃុំ-សង្កាត់ (កបឃ.ស) ត្រូវបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច ១០ថ្ងៃ មុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះ ការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្ដមបន្ដថា ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២៤ នេះ មានគោលបំណងឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មកពិនិត្យនិងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ទន្ទឹមនេះ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួន អាចស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំ-កំណើត) ឬអាចប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ឬចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៥។

គួរបញ្ជក់ដែរថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២៤ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ មានចំនួនជិត១០លាននាក់ ក្នុងនោះស្រ្តី មានចំនួនជាង ៥លាននាក់៕
ដោយ៖ ជឹម ណារី




