ពិធីជូនដំណើរកម្មករ កម្មការិនី វិលត្រឡប់ទៅធ្វើការវិញ
AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធីបតីក្នុងពិធីជូនដំណើរប្រជាពលរដ្ឋ កម្មករ និយោជិត និងនាំយកថវិកាឧបត្ថម្ភជូនក្រុមអ្នកបើកបររថយន្តក្រុងដឹក បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំត្រឡប់ពីស្រុកកំណើតទៅបំពេញការងារនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា តាមរយៈការជិះរថយន្តក្រុងមិនបង់ប្រាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងចំណតរថយន្តផ្សារលើ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត ប្រធានក្រុមប្រឹកក្សាខេត្ត លោក លោកស្រី និងថ្នាក់ដឹកនាំមូលដ្ឋានជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកពីភ្នំពេញ-ទៅតាមបណ្ដាខេត្ត្នានានាបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ទាំងរថយន្ត អ្នកបើកបរ និងមានទឹកពិសាបរិសុទ្ធ តាមគោលដៅចេញដំណើរខេត្តនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋតាមរយៈរថយន្ដក្រុងសាធារណៈរាជធានីភ្នំពេញជិះដោយមិនបង់ប្រាក់ ត្រឡប់ពីបណ្តាខេត្ត មកដល់រាជធានីភ្នំពេញវិញក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែររួច។ ក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ប្រកបដោយគុណធម៌ និងសមត្ថភាព ដើម្បីដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំរថយន្តក្រុងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំដោយឥតគិតថ្លៃ ហើយក៏ជាការរួមចំណែកក្នុងការកាត់បន្ថយការដំឡើងថ្លៃរថយន្តឈ្នួល និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសផងដែរ៕


ដោយ បៃ ស៊ីថុន




