ពិធីស្រង់ព្រះស្រោចស្រពសុគន្ធវារីនៅវត្តពោធិដំណាក់
AKP កំពង់ធំ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥-- លោក ព្រំ ឆដា អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញស្រង់ព្រះ និងស្រោចស្រពសុគន្ធវារីដល់ព្រះគ្រូធម្មវេទីឡាំ អិត ព្រះគ្រូចៅអធិការវត្តពោធិដំណាក់ និងស្រោចទឹកដល់ប្រជាពុទ្ធបរិស័ទប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានអញ្ជើញមកកម្សាន្តសប្បាយក្នុងពិធីស្រង់ព្រះ "ស្រង់ព្រះត្រាស់ចេត្រ" វត្តពោធិដំណាក់ ស្ថិតក្នុងភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងពិធីនោះ ក៏មានការសុំខមាទោសកំហុសទាំងឡាយទាំងកាយវាចាចិត្តក្តីពីព្រះគ្រូចៅអធិការ ព្រះឧបជ្ឈាយ៍ ដើម្បីសុំការអនុញ្ញាតអត់ឱនទោសសព្វបែបយ៉ាងដែលសិស្សគណៈ ក៏ដូចជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយមានការខុសឆ្គងដោយប្រការណាមួយក៏ដូចជាការសូមពរជ័យសេចក្តីសុខសប្បាយពីព្រះអង្គ និងទេវតាឆ្នាំថ្មីព្រះនាមគោរាគទេវី សូមប្រោះប្រទាននូវសព្វសាធុកាពរ សេចក្តីសុខសប្បាយសិរីសួស្ដីបវរមហាប្រសើរដល់គណសិស្ស និងប្រជាពលរដ្ឋគ្រប់ៗរូបក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្របង្កភាពស្និទ្ធស្នារវាងប្រជាពុទ្ធបរិស័ទព្រះសង្ឃ ការចូលរួមថែរក្សានូវទំនៀមទំលាប់ប្រពៃណីបុរាណខ្មែ រនិងថ្នាក់ដឹកនាំស្រុកស្ទោងផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាលរងស្រុកស្ទោងបានអញ្ជើញកម្សាន្តសប្បាយលេងល្បែងប្រជាប្រិយនានា និងទាញព្រ័ត្រជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទនៅក្នុងឱកាសនោះយ៉ាងសប្បាយរីករាយថែមទៀត។

សូមបញ្ជាក់ថា ថ្វីដ្បិតសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់ទៅហើយក្តី ប៉ុន្តែនៅវត្តអារាមមួយចំនួនធំនៅក្នុងស្រុកស្ទោងក៏ដូចជាវត្តពោធិ៍ដំណាក់នេះនៅតែបន្តលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរទៅតាមតំបន់ និងការនិយមរបស់អ្នកមូលដ្ឋាននៅឡើយ៕


ដោយ ស៊ុម វណ្ណា




