ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចជូនកងកម្លាំងប្រចាំការបង្ក្រាបបទល្មើសនេសាទនៅឃុំពាមបាង
AKP កំពង់ធំ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំសហការីទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលកំពុងបំពេញភារកិច្ចការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក វរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទនៅទិសភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានរាយការណ៍ថា កន្លងមកនេះការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលល្អប្រសើរ។ ការដាក់របាំងសាច់អួន និងរបាំងស្បៃមុងខុសច្បាប់ ត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះបង្ក្រាប និងបំផ្លាញចោលនូវឧបករណ៍នៃសាទខុសច្បាប់បានជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសនេសាទនៅតែបន្តកើតឡើងដោយក្រុមជនល្មើសមួយចំនួននៅតែបន្តលបលួចដាក់ឧបករណ៍នេសាទខុសច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយបំផ្លាញធនធានមច្ឆជាតិសម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទូទៅរាប់លាននាក់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះ ព្រមទាំងអាជ្ញាធរដែនដី ដោយបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទបានប្រគល់ជូន ពិសេសបងប្អូនយើងមិនបានឈប់សម្រាកជួបជុំក្រុមគ្រួសារនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាបស្ដីពីការត្រួតពិនិត្យឡើងវិញ និងមានវិធានការបង្ក្រាបការដាក់របាំងស្បៃមុង សាច់អួនខុសច្បាប់ និងខុសពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលពិសេសសកម្មភាពលួចឆក់ត្រីតាមគ្រប់រូបភាពហើយដាច់ខាតត្រូវការពារឱ្យបានតំបន់ឡូតិ៍អភិរក្សពូជត្រី ដើម្បីឱ្យផលត្រីសំបូរឡើងវិញនៅក្នុងរដូវវស្សាខាងមុខនេះក៏ដូចជានៅបណ្ដាឆ្នាំខាងមុខទៀត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភជូនកងកម្លំាងរួមមាន៖ អង្ករចំនួន១២៥គីឡូក្រាម គុយទាវកញ្ចប់ចំនួន៤៤កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១០យួរ ភេសជ្ជៈផ្សេងៗចំនួន១០កេស និងប្រេងសាំងចំនួន៥០០លីត្រ សម្រាប់បន្តបេសកកម្មបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យទទួលបានជោគជ័យបន្ថែមទៀត៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)




