ឯកឧត្ដម ហាប់ ទូច ជួបពិភាក្សាការងារជាមួយគណ:ប្រតិភូភាពយន្តចិន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតឱ្យគណ:ប្រតិភូភាពយន្តចិន ដឹកនាំដោយលោកស្រី Zhang Xuxia នាយិការងបណ្ណសារភាពយន្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

ក្នុងជំនួបនេះ ឯកឧត្ដម ហាប់ ទូច និង លោកស្រី Zhang Xuxia បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យភាពយន្ត ប្រទេសទាំងពីរតាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការទាក់ទាញផលិតករភាពយន្តចិន ឱ្យមកថតភាពយន្តនៅកម្ពុជា។

ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូភាពយន្តចិននាពេលនេះ គឺដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍សប្ដាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីអបអរដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់គណ:ប្រតិភូជាន់ខ្ពស់ចិននៅកម្ពុជាផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)




