អង្គការ NatureLife និងមន្ទីរបរិស្ថានខេត្តតាកែវ កម្ចាត់រុក្ខជាតិទន្រ្ទានបន្លាអួយយ៉ាស់នៅបឹងព្រែកល្ពៅ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥-- មន្រ្តីអង្គការ NatureLife បានឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ថា កាលពីខែកុម្ភៈ និងដើមខែមេសា ឆ្នាំ២០២៥នេះ ដោយស្ថិតក្រោមការដឹកនាំរបស់មន្ទីរបរិស្ថានខេត្តតាកែវដែលជាសេនាធិការរបស់ក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife និងឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានធ្វើការសហការដឹកនាំប្រជាពរដ្ឋដែលមានមូលដ្ឋាននៅក្នុង និងជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដើម្បីចូលរួមក្នុងកម្មវិធីកំចាត់រុក្ខជាតិទន្រ្ទានបន្លាអួយយ៉ាស់ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្រុកកោះអណ្ដែត និងបូរីជលសារ ខេត្តតាកែវ។

ប្រភដដែលបានបន្តថា ហេតុអ្វីបានជាយើងត្រូវកំចាត់រុក្ខជាតិទន្រ្ទានប្រភេទបន្លាអួយយ៉ាស់ (Mimosa pigra)? បន្លាអួយយ៉ាស់ ជាប្រភេទរុក្ខជាតិរាតត្បាតយ៉ាងឆាប់រហ័សដែលមានប្រភពមកពីតំបន់អាមេរិកកណ្ដាល និងអាមេរិកខាងត្បូង។ រុក្ខជាតិនេះដុះរាតត្បាតលុបលើប្រភេទក្នុងតំបន់ ធ្វើឱ្យបាត់បង់ទីជម្រកធម្មជាតិ និងជីវចម្រុះ (ប៉ះពាល់ដល់ស្ថានប្រព័ន្ធ) ដែលជាពិសេសក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ធ្វើឱ្យទីវាលរកចំណីរបស់សត្វក្រៀលរួមតូច (បម្លែងវាលស្មៅទៅជាគុម្ពោធព្រៃ)។ ដូចនេះ ការកម្ចាត់រុក្ខជាតិទន្ទ្រាននេះគឺជាការចាំបាច់បំផុតដើម្បីស្តារទីជម្រក និងពង្រឹងស្ថានប្រព័ន្ធឡើងវិញ ដើម្បីជាប្រយោជន៍ដល់សត្វព្រៃ និងមនុស្ស។ ជារៀងរាល់ឆ្នាំការកម្ចាត់រុក្ខជាតិនេះបានធ្វើឡើងចំនួន២ដង គឺនៅមុនរដូវទឹកជន់លិច និងបន្ទាប់ពីទឹកជំនន់ស្រកហើយសត្វក្រៀលបានផ្លាស់ទីចេញអស់ពីតំបន់ការពារ។ នៅរដូវទឹកសម្រកឆ្នាំនេះដែរ ប្រជាពរដ្ឋសរុបចំនួន២០រូប បានចូលរួមក្នុងកម្មវិធីកម្ចាត់រុក្ខជាតិទន្ទ្រាននេះ ដោយចំណាយរយៈពេលសរុបប្រមាណ១០ថ្ងៃ លើផ្ទៃដីទំហំជាង១០០ហិកតា។

ក្នុងនោះដែរដើម និងផ្លែរុក្ខជាតិនេះត្រូវបានកាត់យ៉ាងយកចិត្តទុកដាក់ ដោយជាដំបូងសមាជិកមួយក្រុមត្រូវកាត់ផ្លែថ្នមៗ និងប្រមូលដាក់ក្នុងថង់ដាច់ដោយឡែក បន្ទាប់មកសមាជិកមួយក្រុមទៀតចាប់ផ្ដើមកាប់រំលំដើមរុក្ខជាតិនេះឱ្យដល់ដីតាមដែលអាចធ្វើទៅបាន។ យើងប្រមូលផ្លែរុក្ខជាតិនេះបានចំនួន១៣៥ថង់ (ថង់ទំហំ៥គីឡូក្រាម) មករក្សាទុកដើម្បីដុតបំផ្លាញចោលដោយប្រុងប្រយ័ត្ន។ សកម្មភាពដូចគ្នានេះនឹងត្រូវធ្វើឡើងម្ដងទៀតនាមុនពេលទឹកជំនន់ចូលមកដល់ ក្នុងខែកក្កដា ឬខែសីហា៕


ដោយ ណយ នឿន (ប្រភព៖ អង្គការ NatureLife)




