ឯកឧត្តម XI Jinping គូសបញ្ជាក់ពីការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដែលកំពុងដំណើរការសាងសង់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម XI Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់ពីការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលកំពុងដំណើរការសាងសង់ ដែលព្រែកជីកនេះនឹងបម្រើដល់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ហើយក៏ជាផលចំណេញរបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀតនោះ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីក្នុងជំនួបពិភាក្សាការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម XI Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងទៀតថា ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្នុងនាមសម្ដេចផ្ទាល់ និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្ដមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាលើកទីពីរ ដែលលើកទីមួយកាលពីឆ្នាំ២០១៦ ។ សម្ដេចតេជោ បានចាត់ទុកឯកឧត្តម XI Jinping ជាភ្ញៀវពិសេសរបស់កម្ពុជាក្នុងឆ្នាំ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចក៏មានលក្ខណៈពិសេសផងដែរ។ សម្ដេចតេជោបន្តថា ទស្សនកិច្ចរបស់ឯកឧត្តម XI Jinping នៅពេលនេះពិតជាមានអត្ថន័យយ៉ាងធំធេងណាស់ ជាពិសេសនៅពេលដែលពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដើរៗ ហើយវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម XI Jinping នៅកម្ពុជានាពេលនេះ បានបង្ហាញនូវចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់រវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្ស និងបក្ស ឱ្យកាន់តែជិតស្និទ្ធមួយកម្រិតបន្ថែមទៀត។ សម្ដេចតេជោ បានគូសបញ្ជាក់ថា ឆ្នាំ២០២៥នេះ គឺជាខួប១៥ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយសម្ដេចតេជោ ក៏បានចាត់ទុកឯកឧត្តម XI Jinping ជាមិត្តចាស់ មិត្តធំបំផុត ជាទីទុកចិត្តបំផុតរបស់កម្ពុជា និងជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៤៦ឆ្នាំកន្លងមកនេះ។

សម្ដេចតេជោ ក៏បានលើកឡើង អំពីតួនាទីរបស់ចិន ដោយសម្ដេចតេជោបានកោតសរសើរនៅចំពោះមុខឯកឧត្ដមប្រធានាធិបតី XI Jinping ថា តួនាទីរបស់ចិន គឺតួនាទីស្ថាបនា និងសកម្ម ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកល ហើយកម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមនានារបស់មិត្តចិន ដូចជា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល គំនិងផ្ដួចផ្ដើមសន្តិសុខសកល និងគំនិតផ្ដួចផ្ដើមអរិយធម៌សកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមទាំងនេះ នឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍សកល អភិវឌ្ឍសកល និងពង្រឹងគោលដៅប្រកបដោយចីរភាព ក្នុងឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម។ សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស ការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ គ្រប់កម្រិត គ្រប់វិស័យ ដែលបង្ហាញអំពីសាមគ្គីភាព ជាប្រពៃណី និងបង្កើនការកសាងទំនុកចិត្តនយោបាយកម្រិតខ្ពស់បំផុត ដោយឈរលើគោលការណ៍ស្មើភាពគ្នា គោរពផលប្រយោជន៍ស្នូលទៅវិញទៅមក និងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាក្រៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏បានគូរំលេចបន្ថែម ដោយស្នើឱ្យភាគិចិន រដ្ឋាភិបាលចិនបន្តការគាំទ្រនូវការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ការជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជា ក្នុងគោលដៅបម្រើដល់ការអភិវឌ្ឍនៅក្នុងប្រទេស។ សម្ដេចតេជោ ក៏បានលើកឡើងដោយស្នើឱ្យភាគីទាំងពីរធ្វើយ៉ាងណា ពង្រឹងនូវមិត្តភាពបន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌបក្ស រដ្ឋាភិបាល និងក្របខណ្ឌប្រជាជន រវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងសងខាង។
ឯកឧត្តម XI Jinping ក៏បានបង្ហាញនូវក្ដីរីករាយ នូវពេលដែលឯកឧត្ដមបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត ដែលជាមិត្តចាស់។ ឯកឧត្ដមក៏បានសម្ដែងនូវក្ដីរីករាយរំភើប ចំពោះការបដិសណ្ឋារកិច្ចពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ចំពោះវត្តមានរបស់ឯកឧត្ដមនៅកម្ពុជា នាពេលនេះ។ ឯកឧត្តម XI Jinping បានបញ្ជាក់ថា នៅពេលដែលឯកឧត្ដមធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅតាមផ្លូវឯកឧត្ដមបានឃើញនូវការស្វាគមន៍របស់ប្រជាពលរដ្ឋកម្ពុជា ដែលពោពេញទៅដោយស្នាមញញឹម រីករាយស្វាគមន៍ឯកឧត្ដមដោយចេញពីបេះដូង។ ឯកឧត្តបានលើកឡើងថា ការស្វាគមន៍ពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលនេះ គឺបង្ហាញពីមិត្តភាពដ៏រឹងមាំ មិត្តភាពដែកថែប រវាងប្រទេសទាំងពីរ និងញ៉ាំងមិត្តភាពនេះឱ្យកាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម XI Jinping បានគូសបញ្ជាក់បន្ថែមថា ភាគីចិនគាំទ្រ ជាពិសេស គឺការគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយភាគីចិន ក៏គាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះឯកឧត្តម XI Jinping ដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ដែលព្រែកជីកនេះនឹងបម្រើដល់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ហើយក៏ជាផលចំណេញរបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត៕
ដោយ៖ ជឹម ណារី




