រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងរយៈពេល៥ថ្ងៃ រួមជាមួយសង្រាន្ដវត្ដភ្នំ មានប្រជាពលរដ្ឋមកលេងកម្សាន្ដជិត៤លាននាក់ កើនជាងឆ្នាំទៅទ្វេដង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥-- សង្រ្កាន្តវត្តភ្នំ ភ្ជាប់នឹងផ្លូវថ្មើរជើង រួមទាំងកម្មវិធីនានា នៅតាមបណ្ដាខណ្ឌទាំង១៤ បានធ្វើឱ្យរាជធានីភ្នំពេញទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិ ប្រជាពលរដ្ឋ និងទេសចរមកដើរកម្សាន្តជិត៤លាននាក់ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ ហើយចំនួននេះ កើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន។
ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥នេះ រាជធានីភ្នំពេញកាន់តែសប្បាយ និងអ៊ូអរ តាមរយៈការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ផ្លូវថ្មើរជើង និងកម្មវិធីនានា នៅតាមបណ្ដាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ គិតត្រឹមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា រាជធានីភ្នំពេញទទួលបានទេសចរ និងពលរដ្ឋចូលរួមកម្សាន្តសប្បាយជិត៤លាននាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

លោកស្រីបានបញ្ជាក់ថា ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ចាប់ផ្ដើមនៅថ្ងៃទី១៤ មេសា ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេសយុវវ័យ បានមកកម្សាន្ត និងលេងនៅតំបន់ត្រជាក់ចិត្ត ក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ តាំងពីថ្ងៃទី១២ មេសាមកម៉្លេះ ពោលចំថ្ងៃភ្ជាប់នឹងផ្លូវថ្មើរជើង។ កំណើនទេសចរ និងពលរដ្ឋចូលរួមច្រើនកុះករ ក្នុងឆ្នាំ២០២៥នេះ។ លោកស្រីបានចាត់ទុកជាជោគជ័យមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្កបរិយាកាសរីករាយដល់ពលរដ្ឋ និងទេសចរនៅក្នុងរាជធានី។

បើតាមអ្នកនាំពាក្យខាងលើ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ រដ្ឋបាលរាជធានីភ្នំពេញមានទិសដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងរាជធានីទទួលបានភាពសប្បាយរីករាយ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាពិសេសជួបជុំនៅតំបន់ត្រជាក់ចិត្តនៅមុខរមណីយដ្ឋានវត្តភ្នំ។ ជាក់ស្ដែងក្រៅពីតំបន់វត្តភ្នំ តំបន់ផ្សារចាស់ និងផ្សារកណ្ដាល ក៏មានសភាពណែនណាន់តាន់តាប់ ដែលពលរដ្ឋមកលេងទឹកកម្សាន្តនៅពេលល្ងាច និងយប់ផងដែរ។ សម្រាប់បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់វិញ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានយកចិត្តទុកខ្ពស់ ដើម្បីធានាសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់អ្នកចូលរួម។ តាមរយៈព្រឹត្តិការណ៍ក្នុងថ្ងៃចូលឆ្នាំនេះ បានចូលរួមចំណែកលើកស្ទួយ និងបង្កើនចរន្តសេដ្ឋកិច្ចបន្ថែមផងដែរ។

សូមជម្រាបជូនថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវក៏បានចូលរួមលេងកម្សាន្តយ៉ាងសាមញជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅសង្ក្រាន្តវត្តភ្នំ និងដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរថែមទៀត៕


ដោយ សួស សំរិត




