រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណជាតិ ភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងខេត្តកំពង់ចាមមានចំនួនប្រមាណជាង ២ លាននាក់
AKP កំពង់ចាម ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥-- ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខេត្តកំពង់ចាមមានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកលេងកម្សាន្ត នៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងការស្នាក់នៅក្នុងខេត្តមានចំនួនប្រមាណ២,៧៤៧,៨៧៥នាក់ ក្នុងនោះទេសចរបរទេសសរុបចំនួន ៣៥៣នាក់។ នេះបើតាមការឱ្យដឹងរបស់លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមនា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។


លោក ស៊ាន សុគុន បានលើកឡើងបន្តទៀតថា កត្តាសន្តិសុខ សុវត្ថិភាព និងផ្លូវគមនាគមន៍ បានជំរុញឱ្យប្រជាពលរដ្ឋមកពីទីជិត ទីឆ្ងាយមកម្សាន្តសប្បាយ និងលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករក្នុងខេត្តកំពង់ចាមយើង។ អ្វីដែលការស្រូបយកបានច្រើនគឺបណ្តាលមកពីអភិបាលខេត្តបានបង្កើតនូវកម្មវិធីកម្សាន្តជាច្រើន ដើម្បីពលរដ្ឋចូលរួមកម្សាន្ត ពិសេសគឺព្រឹត្តិការណ៍ លៀសហាល ៣តោន ប្រវែង ១០០០ម៉ែត្រ បម្រើប្រជាពលរដ្ឋមកពី គ្រប់ទិសទីជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកភ្លក្សរសជាតិលៀសហាល ឆ្ងាញ់កំពង់ចាម។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា កត្តាចម្បងបំផុតគឺម្លប់នៃសុខសន្តិភាព ដែលបានផ្តស់នូវឱកាសឱ្យប្រជាពលរដ្ឋគ្រប់រូប មានឱកាសជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗ ទៅប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន។ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំនេះ រយៈពេល៣ថ្ងៃ យើងមានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ គ្រប់ទីកន្លែងប្រារព្ធពិធី ដែលកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋ មកចូលរួមកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាពរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕


ដោយ ឆាយ ម៉ុត




