កម្ពុជា និងចិន រៀបចំសម្ពោធការចាក់ផ្សាយកម្មវិធី ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងព័ត៌មានកម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ ជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ហើយក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និងភាពឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទំនាក់ទំនងក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងរឹងមាំ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា បេសកកម្មរួមរបស់យើង គឺការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលផ្នែកគំនិត និងទស្សនៈ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ថ្ងៃនេះ ក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការរៀបចំធ្វើពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

ជាមួយគ្នានេះ ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីនេះយើងអាចបន្តរៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និងលើកកម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែងរវាងកម្ពុជា និងចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងទៀតថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាមិត្តចាស់របស់កម្ពុជា ហើយកន្លងមក យើងបានរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទំនាក់ទំនងដ៏ល្អប្រសើរក្នុងការផលិតកម្មវិធីការផ្លាស់ប្តូរមន្ត្រី និងគំនិតច្នៃប្រឌិតថ្មីៗ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងឱ្យដឹងផងដែរថា វិទ្យុមិត្តភាពកម្ពុជា-ចិន ដែលជាសមិទ្ធផលរួមគ្នារវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងភាគីកម្ពុជា ទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាជាច្រើន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកវិទ្យុមិត្តភាពកម្ពុជា-ចិន បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសយើងទាំងពីរ។ «យើងរំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀត»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្ដម នេត្រ ភក្រ្ដា បានសង្កត់ធ្ងន់ថា ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តគាំទ្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន៕

ដោយ៖ រិទ្ធី




