បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺមានចំនួនជាង១លាននាក់
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅទូទាំងខេត្តមានចំនួន១ ៨៤២ ៣២៥នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណជាង១០០០នាក់។

លោកប្រធានមន្ទីរបានលើកឡើងបន្តទៀតថា ក្រោមម្លប់សន្តិភាព កត្តាសន្តិសុខ សុវត្ថិភាព និងផ្លូវគមនាគមន៍ល្អប្រសើរជាដើម បានជំរុញឱ្យប្រជាពលរដ្ឋមកកម្សាន្តសប្បាយ និងលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តបានខិតខំរៀបចំ ព្រឹត្តិការណ៍បានច្រើនដូចជា បានបង្ហាញពីសេវាកម្មថ្មីៗនៅតាមរមណីយដ្ឋានទេសចរណ៍នានាដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវផង និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។ ពិសេសទាំងភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋម្ចាស់ស្រុកបានចូលរួមលេងកម្សាន្ត ប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង។

កត្តាចម្បងបំផុតគឺម្លប់នៃសុខសន្តិភាព ដែលបានផ្តស់នូវឱកាសឲ្យប្រជាពលរដ្ឋគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ក្នុងធ្លុងមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្រឡាញ់ក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរជាដរាបតរៀងទៅ៕

ដោយ លឹម សាន្ត




