អាជ្ញាធរខេត្តសៀមរាបអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមដង ផ្លូវ មុខលំនៅឋានរបស់ខ្លួនក្រោយពីបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP សៀមរាប ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរបរិស្ថានខេត្ត និងការិយាល័យពន្លត់បង្ការអគ្គិភ័យ នៃស្នងការនគរបាលខេត្ត រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានធ្វើការសម្អាតអនាម័យបរិស្ថាន ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើមី្បថែរក្សាសោភ័ណភាព និងអនាម័យបរិស្ថានក្នុងក្រុងសៀមរាប ក្រោមការដឹកនាំរបស់ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន បានមានប្រសាសន៍ថា យុទ្ធនាការសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យមានសម្រស់ស្រស់ស្អាត ទីក្រុងគ្មានសំរាម។ យុទ្ធនាការសៀមរាបផ្ទះខ្ញុំ ដើម្បីបង្ហាញពីភាពស្រឡាញ់ បរិស្ថានស្អាត សមជាកូនចៅរបស់ដូនតាខ្មែរសម័យអង្គរ និងពង្រីកនូវគំនិតស្រឡាញ់បរិស្ថាន ដែលជាអត្តសញ្ញារបស់សៀមរាបផ្ទះខ្ញុំឱ្យកាន់តែធំទូលាយទៅដល់មហាជនគ្រប់ស្រទាប់ឱ្យចេះស្រឡាញ់បរិស្ថានគ្រប់ៗគ្នា ដោយចាប់ផ្តើមគ្មានសំរាមរាយប៉ាយនៅមុខផ្ទះរៀងៗខ្លួន ។

លោកអភិបាលរងខេត្តក៏បានបញ្ជាក់ថា រដ្ឋបាលខេត្ត និង ប្រជាពលរដ្ឋក្នុងខេត្តនេះ ក៏ដូចបងប្អូនពលរដ្ឋមកពីបណ្តាខេត្តនានា សូមបន្តចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណ: តាមដងផ្លូវ តាមទីប្រជុំជនក្នុងក្រុង ក៏ដូចនៅតាមតំបន់រមណីយដ្ឋាននានា បានស្អាតល្អប្រសើរថែមទៀត ដើម្បីសោភ័ណភាពស្រស់ស្អាត និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកអភិបាលរងក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសសហគ្រាស គ្រឹះស្ថាន និងម្ចាស់អាជីវកម្មដ្ឋាននានា ដែលកំពុងប្រកបអាជីវកម្ម តាមបណ្តាដងផ្លូវសំខាន់ៗក្នុងក្រុង ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងលំនៅឋានឯកជនក្តី សូមចូលរួមសម្អាតជាប្រចាំ ដោយការបោសសម្អាត និងវេចខ្ចប់សំណល់សំរាមដាក់ក្នុងធុងតាមគោលដៅ និង រួសរាន់បញ្ចេញសំរាមទៅតាមម៉ោងកំណត់ ដែលអាជ្ញាធរក្រុង និង មន្ទីរបរិស្ថានបានរៀប គឺក្នុងក្រុងត្រូវប្រមូលសំរាមដាក់ក្នុងធុងនៅពេលយប់ ដើម្បីឱ្យភ្ញាក់ងារប្រមូលសំរាមដឹកជញ្ជូន ជាពិសេសក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គ្រប់ដងផ្លូវ ទីសាធារណៈ និងរមណីយដ្ឋានទាំងអស់ ត្រូវតែមានបរិស្ថានស្អាត។ ក្នុងយុទ្ធនាការសម្អាតអនាម័យ បរិស្ថាននេះ បានធ្វើការសម្អាតតាមដងវិថីស៊ីវុត្ថា និង ផ្លូវមុខមន្ទីរពេទ្យបង្អែកខេត្ត និងផ្លូវក្នុងតំបន់ផាប់ស្ទ្រីត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្តចំនួន០៤គ្រឿង៕
ដោយ ឃុត សៅ




