រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីបិទសង្ក្រាន្តកំពង់ធំនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីបិទសង្ក្រាន្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម នួន ផារ័ត្ន បានបង្ហាញពីការសប្បាយរីករាយនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី៣នៅខេត្តកំពង់ធំមានបងប្អូនប្រជាពលរដ្ឋយើងចូលលេងកម្សាន្តនូវល្បែងប្រជាប្រិយ ដូចជា ប្រដាល់បិទមុខឡើងសសរខ្លាញ់ ទូលក្អម ទាញព្រ័ត្រ បោះអង្គុញ បោះឈូង លាក់កន្សែង តំបន់ត្រជាក់ ការប្រគំតន្ត្រីរាំលេងកម្សាន្ត ពិធីស្រង់ព្រះ និងបណ្ដែតប្រទីប និងបង្ហោះគោម ដើម្បីបញ្ចប់កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយបាននាំបងប្អូនប្រជាពលរដ្ឋចូលលេងយ៉ាងសប្បាយរីករាយពុំមានបង្កអសន្តិសុខនោះឡើយ។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់ គឺបានការពារជូនបងប្អូនប្រជាពលរដ្ឋដោយសុវត្ថិភាព ពុំមានការកកស្ទះសម្រាប់ការធ្វើដំណើរដោយរលូនដោយមានការយកចិត្តទុកដាក់ពីកងកម្លាំងទាំង៣ នៅតាមគោលដៅរៀងៗខ្លួន។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍អំពីស្ថានភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានសរុបប្រមាណ២១៩.៩៨៨នាក់ ភ្ញៀវជាតិចំនួន២១៩.៨៩៩នាក់ ភ្ញៀវបរទេសចំនួន៨៩នាក់ ក្នុងនោះ ភ្ញៀវទេសចរទស្សនាតាមគោលដៅទេសចរណ៍ប្រមាណ៥១៥២នាក់ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងសង្រ្កាន្តកំពង់ធំនៅសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រមាណ៩ម៉ឺននាក់ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងតាមបណ្តាវត្តអារាមមានប្រមាណ១២៤៨៣៧នាក់ផងដែរ៕

ដោយ ស៊ុម វណ្ណា




