ខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរទៅលេងកម្សាន្តជាង៦០ម៉ឺននាក់
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ឆ្នាំងត្រូវបានប្រារព្ធបើកដំណើរការជាផ្លូវការថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មកដល់ថ្ងៃនេះមានចំនូនជាងនេះមានភ្ញៀវទេសចរមកលេងកម្សាន្ត៦១ម៉ឺននាក់ និងភ្ញៀវអន្តរជាតិ៣៧នាក់។ ដោយឡែកភ្ញៀវទេសចរជាតិ និងបរទេសនៅតែបន្តមកលេងកម្សាន្តច្រើនដដែល ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុង ស្រុក ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋបានចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីកន្លែងលម្ហែនានាក្នុងខេត្ត។ អ្វីដែលគួរឱ្យគត់សម្គាល់នោះគឺព្រឹត្តិការណ៍ចូលឆ្នាំ និងតាមបណ្តាក្រុង ស្រុក ប្រជាពលរដ្ឋចូលរួមប្រកបសប្បាយរីករាយបំផុត ក្រោមកិច្ចធានាបាននូវការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺស្ថិតក្នុងបរិយាកាសល្អប្រសើរបំផុត ពុំមានអ្វីកើតឡើងនៅគ្រប់ទីកន្លែងទាំងនេះ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញធរគ្រប់លំដាប់ថ្នាក់ និងគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការណែនាំដល់គ្រប់គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ តាមរយៈការដាក់កម្លាំងល្បាតយាមកាម នៅគ្រប់ទីកន្លែង ដើម្បីបង្កភាពសប្បាយជូនដល់ប្រជាពលរដ្ឋ។ គឺបានធ្វើឡើងនៅគ្រប់ទីវត្តអារាម នៅទូទាំងខេត្ត និងនៅតាមសហគមន៍កម្សាន្តនានាតាមបណ្ដាមូលដ្ឋាន គ្រប់ឃុំ ស្រុក ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសក្នុងឱកាសបុណ្យសង្ក្រានឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២៥ ថា ក្នុងខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរជាតិមានចំនួន៦១ម៉ឺននាក់ និងអន្តរជាតិចំនួន៣៧នាក់។ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនបែបនេះ ដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញផ្តល់ឱកាសក្នុងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧នៃរដ្ឋសភា។

ដោយឡែកខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំការអភិវឌ្ឍក្នុងខេត្តកំពង់ឆ្នាំងទទួលបានសមិទ្ធផលថ្មីៗជាច្រើនជាពិសេសឯកឧត្តមបានជំរុញឱ្យមន្ទីរជំនាញសហការជាមួយអាជ្ញាធរដែនដីរៀបចំតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ឱ្យមានសណ្តាប់ធ្នាប់ សោភ័ណភាព មិនដំឡើងថ្លៃទំនិញ សេវាឆាប់រហ័យ និងធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរបានល្អ ៕
ដោយ បៃ ស៊ីថុន




