សង្ក្រាន្ត៣ថ្ងៃ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរចូលមកកម្សាន្តជិត២លាននាក់
AKP បាត់ដំបង ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ឱ្យដឹងថាចំនួនភ្ញៀវទេសចរដែលអញ្ជើញមកចូលរួមកម្សាន្តសប្បាយក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីលើទឹកដីភាគពាយ័ព្យនេះ ក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលស្មើគ្នាកាលពីឆ្នាំកន្លងទៅ។

របាយការណ៍ស្តីពីស្ថិតិភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបង រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បើតាមការបូកសរុបរបស់មន្ទីរទេសចរខេត្តបានបង្ហាញឱ្យឃើញថា ភ្ញៀវទេសចរសរុបមានចំនួន ១,៧៤១,៧៩៥ នាក់ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៧៣៨,៩០៦នាក់ ភ្ញៀវទេសចរអន្តរជាតិ ២,៨៨៩នាក់។ នៅក្នុងចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង គឺមានការកើនឡើង២៦ភាគរយបើប្រៀបធៀបទៅនឹងរយៈពេល៣ថ្ងៃដូចគ្នាកាលពីឆ្នាំ ២០២៤។

របាយការណ៍របស់មន្ត្រីជំនាញនៃមន្ទីរកទសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ភ្ញៀវទេសចរដែលមកពីតំបន់ផ្សេងៗចូលមកក្នុងខេត្តបាត់ដំបងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គឺមានសន្ទុះកើនឡើងដោយសារកត្តា ការអភិវឌ្ឍផ្លូវថ្នល់ងាយស្រួលក្នុងការធ្វើដំណើរ មានសន្តិសុខល្អ សុវត្ថិភាព អំណោយផលពីធម្មជាតិ អាកាសធាតុ និងមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តធំៗនៅក្នុងក្រុងបាត់ដំបងផ្ទាល់តែម្ដង។ ក្រៅពីនោះរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តបាត់ដំបងក៏បានស្រូបទាញភ្ញៀវឱ្យទៅកម្សាន្តច្រើនផងដែរ ដូចជា រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ រមណីយដ្ឋានអាងកំពីងពួយ រមណីយដ្ឋានស្ទឹងថ្មដាចម្ការទុរេន រមណីយដ្ឋានទឹកធ្លាក់៥៣ ភ្នំព្រឹក រមណីយដ្ឋានភ្នំកំពូល រមណីយដ្ឋានចំការទុរេនអូរតង រមណីយដ្ឋានវាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាដើម៕

ដោយ សុផល




