រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អាជ្ញាធរព្រះវិហារទទួលបានទេសចរចំនួន១៦ ៣៣២នាក់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរព្រះវិហារ បានបង្ហាញស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានចំនួន ១៦ ៣៣២នាក់ ។

ក្នុងនោះភ្ញៀវទេសចរចូលទស្សនានៅរមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៣ ៦៨១នាក់ ថយចុះ១១,៤០ភាគរយ ធៀបនឹងបុណ្យចូលឆ្នាំ២០២៤ ដែលក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន៣ ៦២០នាក់ ថយចុះ១១,១៨ភាគរយ និងភ្ញៀវទេសចរបរទេសចំនួន៦១នាក់ ថយចុះ ២២,៧៨ភាគរយ។ រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន១២ ៤១៧នាក់ ថយចុះ ៣១,៤៥ភាគរយធៀបនឹងបុណ្យចូលឆ្នាំ២០២៤។

រីឯនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ១៨៣នាក់ កើនឡើង ៥៣,៧៨ភាគរយធៀបនឹងបុណ្យចូលឆ្នាំ២០២៤ ក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ១៧៩នាក់ កើនឡើង ៥០,៤២ភាគរយ និងភ្ញៀវទេសចរបរទេសចំនួន៤នាក់៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរព្រះវិហារ)




