បរិយាកាសសប្បាយរីករាយក្នុងពិធីស្រង់ព្រះ នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥--ថ្ងៃទី០៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាថ្ងៃឡើងស័ក ដែលជាថ្ងៃដ៏មង្គលមួយសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ នៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិធីស្រង់ព្រះដ៏ឧឡារិកមួយបានប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់ព្រះសង្ឃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បរិយាកាសពោរពេញដោយភាពសប្បាយរីករាយ និងកក់ក្តៅបានគ្របដណ្តប់ពេញសួនតេជោឈ្នះឈ្នះ ខណៈដែលពុទ្ធបរិស័ទបាននាំគ្នាចូលរួមក្នុងពិធីស្រង់ព្រះ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងបួងសួងឱ្យប្រទេសជាតិបានជួបតែសិរីសួស្តីគ្រប់ប្រការ។ ពិធីស្រង់ព្រះនេះ មិនត្រឹមតែជាការគោរពប្រតិបត្តិទៅតាមទំនៀមទម្លាប់ប្រពៃណីដ៏យូរលង់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់មួយសម្រាប់ពង្រឹងសាមគ្គីភាព និងភាតរភាពក្នុងសង្គមផងដែរ។

ក្នុងឱកាសដ៏មង្គលនោះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាបុណ្យដ៏សំខាន់មួយរបស់ជាតិ និងជាឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់បានជួបជុំគ្នា សប្បាយរីករាយ បន្ទាប់ពីបានខិតខំប្រឹងប្រែងពេញមួយឆ្នាំ។ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើតម្លៃនៃសាមគ្គីភាព វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ដែលត្រូវតែបន្តថែរក្សា និងលើកកម្ពស់ឱ្យបានគង់វង្ស។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យសង្រ្កាន្តនៅទូទាំងខេត្ត ជាពិសេសនៅសួនតេជោឈ្នះឈ្នះ ដែលបានរៀបចំឡើងយ៉ាងអធិកអធម និងមានភាពសប្បាយរីករាយ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំកម្មវិធី និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សេងៗទៀតនៃពិធីបុណ្យសង្រ្កាន្ត ដើម្បីថែរក្សាមរតកវប្បធម៌ដ៏សម្បូរបែបរបស់ជាតិ និងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងរដ្ឋបាលខេត្តឱ្យកាន់តែល្អប្រសើរថែមទៀត និងបានបួងសួងឱ្យប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងជៀសផុតពីឧបទ្រពចង្រៃទាំងឡាយក្នុងឱកាសឆ្នាំថ្មីនេះ។

ពិធីស្រង់ព្រះបានបញ្ចប់ទៅក្នុងបរិយាកាសដ៏សោមនស្សរីករាយ ដោយមានការជូនពរពីព្រះសង្ឃ និងការចែកជូននូវទឹកសិរីមង្គលដល់អ្នកចូលរួមទាំងអស់។ ព្រឹត្តិការណ៍នេះបានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួម សាមគ្គីភាព និងការគោរពស្រឡាញ់ចំពោះប្រពៃណីដ៏ល្អរបស់ប្រជាជនខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំខេត្ត៕
ដោយ ឈុន សារ៉ាត




