រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធពិធីស្រង់ព្រះនៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
AKP កំពង់ចាម ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥-- នៅថ្ងៃទី៣នៃចូលឆ្នាំថ្មី ជាថ្ងៃឡើងស័ក នារសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាមបាន ប្រារព្ធរៀបចំពិធីស្រង់ព្រះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា ប្រធានសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ចាម នៅទីធ្លាមុខសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ពិធីស្រង់ព្រះមានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣នៃពីធីបុណ្យចូលឆ្នាំ ដើម្បីបង្ហាញពីភាពត្រជាក់ត្រជុំ និងសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ និងសម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះអ្នកមានគុណ ដោយលាងជម្រះនូវបាបកម្មទាំងឡាយដែលបានប្រព្រឹត្តិកាលពីឆ្នាំចាស់ ហើយទទួលយកមកវិញនៅពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី។ បច្ចុប្បន្ននៅតាមគេហដ្ឋានក្រុមគ្រួសារនីមួយៗក៏បានធ្វើពិធីស្រង់ព្រះនៅផ្ទះ គឺលោកតា លោកយាយ ឪពុកម្ដាយ និងអ្នកមានគុណ ដើម្បីសុំពរជ័យ សុំសេចក្តីសុខសប្បាយ ភាពបានត្រជាក់ត្រជំ ភាពថ្កុំថ្កើងដល់ក្រុមគ្រួសារ រស់នៅដោយក្ដីសុខសាន្ដដែលគេថាយើងត្រូវស្រង់ព្រះរស់នៅផ្ទះ គឺឪពុកម្ដាយនេះឯង។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដកំពង់ចាម ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅក្រុងកំពង់ចាម មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ពិសេសគឺ ព្រឹត្តិការណ៍លៀសហាល៣តោន ប្រវែង១០០០ម៉ែត្រ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីយ៉ាង ប្រព្រឹត្តទៅប្រកបដោយសេចក្តីសប្បាយរីករាយ ប្រជាពលរដ្ឋបានចូលរួមសប្បាយយ៉ាងច្រើនកុះករ៕



ដោយ ឆាយ ម៉ុត




