សង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ មានប្រជាពលរដ្ឋចូលមកលេងកម្សាន្ដ ប្រមាណជិត៣លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥-- សង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ មានប្រជាពលរដ្ឋចូលមកលេងកម្សាន្ដ ប្រមាណជិត៣លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៥ គឺនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលថ្ងៃវារៈឡើងស័ក និងជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំក្រោមម្លប់សុខសន្តិភាពដោយមានការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ។

លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនាយប់ថ្ងៃទី១៦ មេសា ២០២៥ថា នៅថ្ងៃទី៣ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១លាន៥សែននាក់ បាននាំគ្នាមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។

លោកស្រីបន្តថា កាលពីថ្ងៃទី២ វារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិ សាស្ត្រវត្តភ្នំត្រូវថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០២៥ មានប្រជាពល រដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺន នាំគ្នាមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ ខណៈដែលនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករសម្រុកមកលេងកម្សាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេមានប្រមាណ៤៨ម៉ឺននាក់ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

លោកស្រី ដោ សម្ផស្ស បានបន្តថា ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត សង្ក្រានវត្តភ្នំ២០២៥ មានការកើនឡើងរាល់ថ្ងៃ ហើយចំនួននេះមិនបានរាប់បញ្ចូលសង្ក្រាន្តតាមសាលាខណ្ឌទាំង១៤ និងនៅតាមវត្តអារាម និងតំបន់ទេសចរណ៍ផ្សេងទៀតនោះទេ។

សូមបញ្ជាក់ថា «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអប អរសាទរទទួលអំណរសាទរឆ្នាំថ្មី។ ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ក៏បានចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិលេងនៅសង្ក្រាន្តវត្តភ្នំផងដែរ ដោយដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ក្រៅពីរៀបចំកម្មវិធីសប្បាយជូនប្រជាពលរដ្ឋ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែដឹកនាំបើកកិច្ចប្រជុំជាប់ជាប្រចាំរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្ត។

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា។ ដោយឡែកតំបន់ Walk Street មាត់ទន្លេ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំលម្អ បង្ហាញពីសោភ័ណភាពប្រពៃណីដ៏ស្រស់ស្អាត ធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងកម្សាន្តជាមួយល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែបថែមទៀតផង៕
ដោយ សួស សំរិត




