ដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
AKP សៀមរាប ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃវារឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ។

ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនរំលងឡើយ។ ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី និងទឹកអប់ យកមកស្រង់ព្រះពុទ្ធបដិមា, អ្នកមានគុណ, អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក និងទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំនាឱកាសឆ្នាំថ្មី។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានប្រមូលផ្តុំមិនត្រឹមតែកម្មវិធីកម្សាន្តសប្បាយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកម្មវិធីសាសនា ស្របតាមលំអាននៃប្រពៃណី និងទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន ដែលប្រជាពុទ្ធបរិស័ទ លោកយាយ លោកតា ក៏ដូចជាយុវជន បានចូលរួមធ្វើបុណ្យរួមគ្នា ក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីទៀតផង៕

ដោយ ឃុត សៅ




