បទវិចារណកថា៖ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង នៅកម្ពុជា នឹងពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី រវាងប្រជាជាតិទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥--
នៅពេលដែលឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅក្រោយចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោយពេលដែលសហរដ្ឋអាមេរិកបានប្រកាសកំណត់ពន្ធបដិការមកលើកម្ពុជា៤៩ ភាគរយ និងបានប្រកាសពន្យារពេល៩០ថ្ងៃ ដោយកំណត់ពន្ធបណ្តោះអាសន្នត្រឹម១០ ភាគរយ នាំឲ្យមានពាក្យចចាមរ៉ាមច្រើនអំពីដំណើរទស្សនកិច្ចនេះ។

សូមកុំសង្ស័យចំពោះដំណើរទស្សនកិច្ចនេះ បើទោះបីជាទស្សនកិច្ចនេះត្រូវបានក្រសួងការរបទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសក្រោយការសម្រេចដាក់ពន្ធបដិការ និងពន្យារពេលបណ្តោះអាសន្នក៏ដោយ ពីព្រោះដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំមកជាយូរមកហើយ មិនតែប៉ុណ្ណោះឯកឧត្តម ស៊ី ជីនពីង ក៏មិនមែនមកបំពេញទស្សនកិច្ចនៅកម្ពុជាតែមួយនោះដែរ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបានទៅបំពេញទស្សនកិច្ចនៅវៀតណាម ហើយបន្តនៅម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។

បន្ទាប់ពីម៉ាឡេស៊ី ដូចដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសរួចមកហើយ ឯកឧត្តមប្រធានាធិបតីនឹងមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ដោយគ្រោងនឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
នៅក្នុងអំឡុងពេលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមក៏គ្រោងនឹងជួបពិភាក្សាជាមួយនឹង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ ឯកឧត្តមនឹងបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ មានការបកស្រាយផ្សេងៗផ្អែកលើទឡ្ហីករណ៍ខាងលើ និងអាចពាក់ព័ន្ធនឹងទឡ្ហីករណ៍ចាស់ៗ អំពីទំនាក់ទំនងកម្ពុជា និងបញ្ហាភូមិសាស្រ្តនយោបាយ ដោយផ្តោតលើមូលដ្ឋានទ័ពជើងទឹករាម។ តាមអ្វីដែលក្រសូងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាស ដំណើរទស្សនកិច្ចរបស់ឯក ឧត្តម ស៊ី ជីនពីង ជាព្រឹត្តិការណ៍សំខាន់ តែវាមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលកំពុងតែកើតមាននៅលើពិភពលោក ក៏ដូចជាយុទ្ធសាស្រ្តនៃភូមិសាស្រ្តនយោបាយអ្វីទាំងអស់។ ក្រសួងបានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីតែធ្វើឲ្យរឹងមាំបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេសទាំងពីរ។ ក្រៅពីនោះ ដំណើរទស្សនកិច្ចនេះ ក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រជាជាតិទាំងពីរតែប៉ុណ្ណោះ។
ជាការពិត នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រទេសទាំងពីរនឹងចុះហត្ថលេខាជាច្រើន ប៉ុន្តែឯកសារទាំងនោះ គឺគ្រាន់តែជាឯកសារដែលបញ្ជាក់អំពីការពង្រឹង និងពង្រីកនូវអ្វីដែលលើកឡើងតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាពន្ធបដិការដែលសហរដ្ឋអាមេរិកបានដាក់មកលើកម្ពុជាគឺជាបញ្ហានៃអតុល្យភាព នៃជញ្ជីងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលក៏បានបង្ហាញពីយន្តការ និងជំហានការទូតនានាដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ហើយដែរ ហើយក៏កំពុងតែត្រៀមខ្លួនធ្វើការជាមួយនឹងសហរដ្ឋអាមេរិក។ កិច្ចការនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់តួនាទី ជូនឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអ្នកដឹកនាំក្រុមការងារអន្ដរក្រសួង-ស្ថាប័នចំពោះកិច្ច ដើម្បីត្រៀមចរចាជាមួយនឹងសហរដ្ឋអាមេរិក។

ដោយឡែកចំពោះមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀត ហើយនៅពេលសម្ពោធសមិទ្ធផលនៅទីនោះកាលពីពេលថ្មីៗនេះ ក៏សង្កត់ធ្ងន់ ជាថ្មីថា ទីនោះនឹងស្វាគមន៍នាវាគ្រប់ប្រទេស ដែលមានទំងន់ស្រាលជាង២ម៉ឺនតោន ។ ហើយមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយដែលទើបនឹងសម្ពោធក៏ស្វាគមន៍កងកម្លាំងជាមិត្តនានា មកចូលរួមបណ្តុះបណ្តាលរួមគ្នា នៅទីនោះដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពេលនោះក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានកងកម្លាំងបរទេសមកបង្កើតមូលដ្ឋាននៅកម្ពុជា ហើយកងទ័ពកម្ពុជាក៏នឹងមិនទៅបង្កើតមូលដ្ឋាននៅក្រៅប្រទេសដែរ លើកលែងតែនៅក្នុងក្របខណ្ឌសហប្រតិបត្តិការជាមួយនឹងអង្គការសហប្រជាជាតិ។ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា អ្វីដែលកម្ពុជាបានធ្វើនៅរាមគឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើង ទឹក ពោលគឺពង្រឹង និងអភិវឌ្ឍ ព្រមទាំងធ្វើទំនើបកម្មកងទ័ពដើម្បីរក្សាខឿនការពារជាតិឲ្យរឹងមាំ ហើយក៏ប្រកាសជាចំហថា កម្ពុជានឹងបន្តបុព្វហេតុពង្រឹងសមត្ថភាពកងទ័ពបន្ថែមទៀត។
សរុបទៅ សូមកុំឆ្ងល់នឹងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នៅកម្ពុជា ពីព្រោះដំណើរទស្សនកិច្ចលើកនេះក៏មិនខុសអ្វីពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមពីមុនៗមកនោះទេ។ នេះគឺជាផ្នែកមួយ នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ប្រទេសទាំងពីរ ដោយសារតែមេដឹកនាំកម្ពុជា ដែលមានព្រះករុណា ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំផ្សេងៗ គឺសុទ្ធតែបានបំពេញទស្សនកិច្ចនៅចិនជាបន្តបន្ទាប់ ហើយមេដឹកនាំចិនក៏មកបំពេញទស្សនកិច្ចនៅកម្ពុជា ជាបន្តបន្ទាប់ដែរ។ វត្តមាន ឯកឧត្តម ស៊ី ជីនពីង លើកនេះគឺជាដំណើរទស្សនកិច្ចលើកទី៣ ដែលកាលលើកទី១គឺនៅឆ្នាំ២០០៩ ក្នុងនាមជាអនុប្រធានាធិបតី ហើយលើកទី២ នៅឆ្នាំ២០១៦ ក្នុងនាមជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៕
AKP




