ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីរាជការសាលារាជធានីភ្នំពេញ ចូលរួមស្រង់ព្រះនៅវត្ដភ្នំ នៅថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកជំទាវ ព្រមទំាងក្រុមគ្រួសារ និងមន្រ្តីរាជការក្រោមឱវាទសាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានអញ្ជើញចូលរួមស្រង់ព្រះជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅរម្មណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលជាទីកន្លែងប្រារព្ធពិធីសង្ក្រាន្តវត្តភ្នំដែលរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ។

ព្រះពុទ្ធរូបដែលបានយកមករៀបចំធ្វើពិធីស្រង់ព្រះនៅសង្រ្កាន្តវត្តភ្នំនេះ ត្រូវបានដង្ហែចេញពីវត្តឧណ្ណាលោម ក្រោមការដង្ហែដោយផ្ទាល់ពីសម្តេចព្រះមហាអរិយវង្ស យ៉ត សេងយៀក ព្រះចៅអធិការវត្តឧណ្ណាលោម និមន្តអមដំណើរដោយព្រះសង្ឃ យាយជីតាជី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ព្រមទំាងក្រុមគ្រួសារ មន្រ្តីរាជការក្រោមឱវាទសាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ ពិធីស្រង់ព្រះនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំបានប្រព្រឹត្តទៅយ៉ាងអធឹកអធមតាមគន្លងប្រពៃណី សាសនា ប្រកប ដោយស្នាមញញឹម ភាពស្និទ្ធស្នាល និងសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព។

ពិធីស្រង់ព្រះត្រូវបានចាត់ទុកជាពិធីដ៏សប្បាយរីករាយមួយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយសារតែមនុស្សម្នាបានជួបជុំគ្នាស្រង់ព្រះនៅឯទីវត្តអារាម ឬស្រង់ព្រះរស់ដែលជាអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ នៅតាមគេហដ្ឋាន ឬនៅក្នុងភូមិជាដើម។ ពិធីនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំ ដើម្បីបង្ហាញពីភាពត្រជាក់ត្រជុំ និងសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ និងសម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះអ្នកមានគុណ ដោយលាងជម្រះនូវបាបកម្មទាំងឡាយដែលបានប្រព្រឹត្តកាលពីឆ្នាំចាស់ ហើយទទួលយកមកវិញនៅពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មីឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា។ ដោយឡែកតំបន់ Walk Street មាត់ទន្លេមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយបានរៀបចំកម្មវិធីសាសនា និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ៕
ដោយ សួស សំរិត




