បទយកការណ៍៖ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត បាននាំក្តីសប្បាយរីករាយដល់អ្នកទេសចរគ្រប់ទិសទី និងជាអនុវស្សាវរីយ៍មិនអាចបំភ្លេចបាន
AKP សៀមរាប ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២៥-
អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរ ទាំងក្នុងប្រទេស និងអ្នកទេសចរបរទេសជាច្រើនម៉ឺននាក់បានចូលរួមយ៉ាងសប្បាយរីករាយជាមួយ នឹងព្រឹត្តិការណ៍ដែលបានបង្ហាញកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មកបង្ហាញរំលេចជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរវត្ត នៃ ខេត្តសៀមរាប។

អង្គរសង្ក្រាន្តឆ្នាំនេះដែរគឺមានរយៈពេល ៣ ថ្ងៃពោលគឺចាប់ពីថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានគេឃើញមានការសម្តែង ការតាំងបង្ហាញច្រើនបែប ច្រើនទម្រង់សម្រាប់ភ្ញៀវទេសចរចូលទស្សនាមិនចេះនឿយណាយ និងប្រកបដោយក្តីសប្បាយរីករាយនោះមានច្រើនយ៉ាងណាស់ដូចជា ការបង្ហាញពីទម្រង់សិល្បៈ ការសម្តែងយុទ្ធគុនចម្រុះ ខ្មែរបុរាណ រាំលេងកម្សាន្តចង្វាក់ប្រពៃណី, ការទាញព្រ័ត្រយក្ស, ពិធីប្រកួតអុកចត្រង្គ, ការសម្តែងល្ខោនក្បាច់បុរាណ ដកស្រង់ចេញពី "រឿងកូរសមុទ្រទឹកដោះ, ពិធីសមាធិនៅប្រាសាទអង្គរវត្ត,ការប្រណាំងរទេះគោ និងក្របី, ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ,ពិធីទៅវត្ត និងវាយលុកចេតីយ, ការប្រគំតន្ត្រីសួស្ដីឆ្នាំថ្មី, កម្មវិធីថតរូបសែលហ្វី ជាដើម។
ក្រៅពីនេះក៏មានទីកន្លែងកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរក្នុងនេះដូចជា៖ទីកន្លែងលេងទឹក និងល្បែងកម្សាន្តផ្សេងៗដែលទាក់ទងនឹងទឹក ដូចជាបវរកញ្ញាធ្លាក់ទឹក សង្វៀនលើទឹក និងតង់សាប៊ូជាដើម, កម្មវិធីភូមិរចនាត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ, ការដង្ហែក្បួនទូកដែលមានទូកសរុបចំនួន ១២៨គ្រឿង ក្នុងនោះមានទូកហង្សចំនួន ៨គ្រឿង ទូកនេសាទមានចំនួន ១០៥គ្រឿង និងទូកផ្សារលើទឹកចំនួន ១៥គ្រឿង ដោយបែង ចែកជា៣៥ខ្សែ បានចូលរួមនៅក្នុងក្បួនដង្ហែនេះនៅវេលាម៉ោង ៤:០០រសៀល នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាដើម។

ក្នុងឱកាសនេះដែរ អ្នកនាង ជុំ មករា ជាប្រជាពលរដ្ឋដែលបានមកចូលរួមកម្សាន្តអង្គរសង្រ្កាន្តនេះបានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាឆ្នាំនេះពិតជាអស្ចារ្យ ដែលបានបន្សល់ ទុកនូវអនុស្សាវរីយ៍ល្អៗក្នុងទឹកដីអង្គរដ៏អច្ឆរិយៈរបស់ខ្មែរ។ អ្នកនាងបន្តថា មិនថាអ្នកនាងឬពលរដ្ឋដទៃទេ នៅពេលបានធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះគឺទទួលបានក្តីសប្បាយរីករាយ និង រំភើបជាពន់ពេកណាស់។

ការលើកឡើងដូចគ្នានេះដែរ កញ្ញា សុខណា ដែលកំពុងលេងទឹកនៅទីក្រុងសៀមរាបបានប្រាប់ឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពេលដែលកញ្ញានឹងក្រុមគ្រួសារបានដើរកម្សាន្តគឺសប្បាយរីករាយ ជាមួយព្រឹត្តិការណ៍ប្លែកចម្រុះ និងប្រកបដោយភាពស្រស់ស្អាតគ្រប់ទីកន្លែងសឹងទាំងអស់។

កញ្ញា សុខណា បានប្រាប់ឱ្យដឹងទៀតថា ការដើរកម្សាន្តទាំងនៅបរិវេណអង្គរ និងតំបន់ដទៃទៀតគឺសម្បូរទៅដោយទីកម្សាន្តមិនចេះនឿយហត់។ក្រៅពីដើរកម្សាន្តសប្បាយកញ្ញាក៏បានចូលរួមលេងល្បែងបាញ់ទឹកក៏រីករាយជាមួយក្រុមអ្នកទេសចរទាំងក្នុងប្រទេស និង ក្រៅប្រទេស ធ្វើឱ្យកញ្ញាមិនអាចបំភ្លេចបានសោះឡើយនូវព្រឹត្តិការណ៍ដែលជាអនុស្សាវរីយ៍ល្អៗទាំងនេះ។

កំពុងតែសប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះដែរ យុវតី សុជាតា មកពីរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងដែរថា ទោះមកទឹកដីអង្គរលើកដំបូង និងការដែលបានមកលេងអង្គរសង្រ្កាន្តឃើញថាប្លែកភ្នែក និងទទួលបានការសប្បាយរីករាយជាមួយវប្បធម៌ សិល្បៈរបស់ខ្មែរ។ យុវតីរូបនេះបន្តថា៖ «ការសម្តែង និងការតាំងបង្ហាញនៅតាមកន្លែងនីមួយៗប្រកបដោយភាពទាក់ទាញ ហើយនិងបានបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅនៃវប្បធម៌ប្រពៃណីរបស់ខ្មែរយើង»។

គួរបញ្ជាក់ថា បើតាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមឈ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ៕
ដោយ៖ ដេប៉ូ




