ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្តនៅកំពង់ធំក្នុងថ្ងៃទី២នៃពិធីនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានជាង២០ម៉ឺននាក់
AKP កំពង់ធំ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥--
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកលេងកម្សាន្តនៅខេត្តកំពង់ធំ ក្នុងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រមាណជាង២០ម៉ឺននាក់ហើយប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមលេងសប្បាយរីករាយក្នុងសង្ក្រាន្តកំពង់ធំនារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណសួនស្ទឹងសែនក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា សង្ក្រាន្តកំពង់ធំបានរៀបចំធ្វើឡើងនៅសួនមាត់ស្ទឹងសែន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីនេះគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករបានចូលមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស២៥៦៩ គ.ស២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តការណ៍ «សង្ក្រាន្តកំពង់ធំ» នៅក្នុងបរិវេណសួនស្ទឹងសែន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ និងបានរៀបចំព្រឹត្តិការណ៍សប្បាយប្លែកៗជាច្រើន ដូចជាការរៀបចំតំបន់ត្រជាក់ ដែលមានការដាក់រថយន្តបាញ់ទឹក ការដាក់បង្ហាញស្តង់ម្ហូបអាហារ និងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរ រួមមាន៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងចាប៉ីដងវែង ឆ្លងឆ្លើយ (ប្រវត្តិនៃកំណើតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ) ព្រមទាំងមានការប្រគុំតន្ត្រី និងរាំលេងកម្សាន្តផងដែរ។

តាមរបាយការណ៍របស់ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តនៅខេត្តកំពង់ធំ ក្នុងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានភ្ញៀវជាតិចំនួន២០ម៉ឺននាក់និងភ្ញៀវបរទេសចំនួន១៦៤នាក់ក្នុងនោះ ភ្ញៀវទេសចរមកទស្សនាតាមគោលដៅទេសចរណ៍នានាក្នុងខេត្តកំពង់ធំប្រមាណ៤៨៤៣នាក់។ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងសង្រ្កាន្តកំពង់ធំនៅក្រុងស្ទឹងសែនមានប្រមាណ៧៥០០០នាក់ និងភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងតាមបណ្តាវត្តអារាមប្រមាណជាង១២ម៉ឺននាក់៕

ដោយ ស៊ុម វណ្ណា




