កងពលតូចថ្មើរជើងលេខ៥១ បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីដ៏អធិកអធមមួយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥--
កងពលតូចថ្មើរជើងលេខ៥១ បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីដ៏អធិកអធមមួយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។ កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយលោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពល ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព និងអភិរក្សវប្បធម៌ប្រពៃណីជាតិ។

សង្ក្រាន្តដ៏សប្បាយរីករាយនេះបានរៀបចំឡើងនៅទីបញ្ជាការកងពល ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នាយ-ពលទាហាន ទូទាំងកងពល ព្រមទាំងក្រុមគ្រួសារកងទ័ពផងដែរ។
កម្មវិធីនេះរួមមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរដ៏សម្បូរបែបដូចជា បោះអង្គុញ លាក់កន្សែង វាយក្អម ទាញព្រ័ត្រ លោតបាវ បូមទឹកដាក់ដប ដោតម្ជុល ខាំកាក់ ផ្លុំម្សៅ និងល្បែងប្រជាប្រិយផ្សេងៗជាច្រើនទៀត
ដោយមានការប្រគល់រង្វាន់ដល់អ្នកឈ្នះលេខ១,២,៣ ដើម្បីលើកទឹកចិត្ត និងអបអរសាទរ។ ជាមួយគ្នានេះក៏មានការប្រគុំតន្ត្រី និងរាំលេងកម្សាន្តផងដែរ និងមានការទទួលទាននំបញ្ចុកសាមគ្គីគ្នាផងដែរ។

ទន្ទឹមនោះ ការរៀបចំកម្មវិធីសង្ក្រាន្ត អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ក៏បានចាត់តាំងកម្លាំងសហការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកម្សាន្តសប្បាយរីករាយនៅតាមរមណីយដ្ឋាននានា និងតាមវត្តអារាមក្នុងខេត្តបន្ទាយមានជ័យផងដែរ។ ត្រៀមកម្លាំងអន្តរាគមន៍ ត្រៀមដោះយថាហេតុផ្សេងៗ ដែលអាចកើតមានឡើង។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពល បានថ្លែងអំណរគុណសន្តិភាព និងនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនាំមកនូវភាពសប្បាយរីករាយ និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

កម្មវិធីសង្ក្រាន្តនេះមិនត្រឹមតែជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏ល្អមួយក្នុងការលើកកម្ពស់ស្មារតីសាមគ្គីភាព និងអភិរក្សវប្បធម៌ប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរផងដែរ៕
ដោយ ឈុន សារ៉ាត




