ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន ៨០ម៉ឺននាក់ មកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តវត្តភ្នំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ --
ទិដ្ឋភាពកុះករនៅថ្ងៃទីពីរ គឺជាថ្ងៃវារៈវ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន ៨០ម៉ឺននាក់ បានមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ ក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្ដវត្តភ្នំឆ្នាំ២០២៥ ដែលអញ្ជើញប្រកាសបើកជាផ្លូវការដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញជាច្រើនរូបទៀត នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំកាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ប្រកបដោយភាពសប្បាយរីករាយ។ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មីផងដែរ។

លោកស្រី ដោ សម្ផស្ស បានបន្តថា ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន ៨០ម៉ឺននាក់បានមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥ ដែលមានការកើនឡើងរាល់ថ្ងៃដោយកាលពីថ្ងៃទីមួយមានតែចំនួន ៤៨ម៉ឺននាក់ទេ ហើយថ្ងៃទីបីកើនដល់ចំនួន ៨០ម៉ឺននាក់ ដោយនេះមិនបានរាប់បញ្ចូលនូវសង្ក្រានតាមសាលាខណ្ឌទាំង១៤ នៅតាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ។
នៅថ្ងៃទីពីរ ដែលជាថ្ងៃវារៈវ័នបតនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ក៏បានចូលរួមលេងកំសាន្តជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅសង្ក្រាន្តវត្តភ្នំដូចកាលពីថ្ងៃទីមួយដែរ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ដោយឡែកតំបន់ Walk Street មាត់ទន្លេមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕
ដោយ: សួស សំរិត




