ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមសង្ក្រាន្តដើមឈើចាំស្នេហ៍ និងការប្រឡងប្រណាំងញាំប៉ិគក់ចំនួន ១.០០០ ដើម្បីបង្កើនភាពសប្បាយរីករាយ
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ --
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមសង្ក្រានដើមឈើចាំស្នេហ៍ ដែលមានការប្រណាំងញាំប៉ិគក់ចំនួន១.០០០ ដើម្បីបង្កើនភាពសប្បាយរីករាយនៅថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដោយសង្ក្រានដើមឈើចាំសេ្នហ៍នេះត្រូវបានរៀបចំកាលពីសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមកម្មវិធីសង្ក្រាននៅដើមឈើចាំសេ្នហ៍ដែលមានទីតាំងស្ថិតនៅភូមិគគី សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ជាពិសេសនៅតាមដងផ្លូវ ក៏ដូចជាទីតាំងកម្សាន្តនានាដែលរដ្ឋបាលក្រុង ខេត្តបានរៀបចំ។
ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលមកចូលរួមលេងកម្សាន្តនៅថ្ងៃទីពីរនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ នៅខេត្តព្រះសីហនុ មានចំនួនច្រើនជាងឆ្នាំកន្លងមក ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយល្អ និងស្របពេលដែលខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានាជាច្រើនបន្ថែមទៀតនាពេលបច្ចុប្បន្ន។

មួយវិញទៀត យើងឃើញមានយុវជនរបស់យើងបានចូលរួមលេងកម្សាន្តនៅទូទាំងខេត្ត មានដូចជាការបាញ់ទឹកនៅតាមទីតាំងដែលរដ្ឋបាលក្រុង ខេត្តបានរៀបចំ ដូចជានៅដើមឈើចាំសេ្នហ៍ ឆ្នេរអូរឈើទាល វេទិការបុណ្យជាតិ ៧មករា ជាដើម។ ដោយឡែកសង្ក្រាននៅដើមឈើចាំស្នេហ៍ឆ្នាំនេះមានការប្រគុំតន្ត្រី ហើយជាពិសេសថែមទៀតនោះ គឺការប្រណាំងញាំប៉ិគក់ចំនួន១.០០០ ដែលរដ្ឋបាលខេត្តបានរៀបចំឡើងដើម្បីឱ្យភ្ញៀវទេសចរចូលរួមលេងញាំប្រណាំងគ្នា កម្សាន្តសប្បាយរីករាយ ព្រមទាំងមានល្បែងប្រជាប្រិយជាច្រើន ដូចជា ទាញព្រ័ត វាយក្អម និងរាំវង់យ៉ាងសប្បាយរីករាយនាឱកាសថ្ងៃចូលឆ្នាំទីពីរ នៅទូទាំងខេត្តព្រះសីហនុ។

សូមរម្លឹកផងដែរថា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង៦ ឱ្យរៀបចំសង្ក្រាននៅតាមទីតាំងទេសចរណ៍នានា និងវត្តអារាម។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានទៅចូលរួមបើកសង្ក្រានអ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង កាលពីថ្ងៃទី០៥ ខែមេសា ២០២៥ កន្លងទៅផងដែរ។ ដោយឡែក រដ្ឋបាលក្រុងព្រះសីហនុ ក៏បានរៀបចំសង្ក្រាននៅឆ្នេរអូរត្រេះកាលពីថ្ងៃទី០៨ ខែមេសា សង្ក្រានសិស្ស និសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងមានសង្ក្រានជាច្រើនទៀតកំពុងបង្កើតភាពសប្បាយរីករាយបន្តមកដល់ថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំថ្មីនេះតែម្តង ហើយរដ្ឋបាលខេត្ត ក៏រៀបចំសង្ក្រាននៅព្រះថោងនាងនាគផងដែរសម្រាប់ថ្ងៃទីបីនៃពិធីបុណ្យ ដោយសង្ក្រានទាំងអស់នេះមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរ ជាតិបានចូលរួមលេងកម្សានយ៉ាងច្រើនកុះករប្រកបដោយបរិយាកាសសប្បាយរីករាយ និងពុំមានបញ្ហាបង្កអសន្តិសុខនោះទេ។ ពួកគាត់បានចូលរួមលេងយ៉ាងសប្បាយរីករាយដោយមានការយោគយល់គ្នា អធ្យាស្រ័យគ្នា ស្រឡាញ់គ្នា ប្រកបដោយភាពស្និតស្នាល។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈវិញ មានការយកចិត្តទុកដាក់ពីកម្លាំងដែលបានឈរជើងចាំជួយសម្រួលចរាចរណ័នៅតាមចំណុចគោលដៅសំខាន់ៗ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តសប្បាយនៅខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពទាំងអស់គ្នា និងពុំមានការកកស្ទះសម្រាប់ការធ្វើដំណើរ៕
ដោយ: ងូ សុមុនី




