ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកាអំណោយជូនកងកម្លាំងសម្ដែងរបាំម៉ាឌីហ្សុនកងទ័ព និងកងកម្លាំងការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីត្រួតពិនិត្យកងកម្លាំង និងប្រគល់ថវិកាជំនួយឧបត្ថម្ភរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំជូនដល់យោធិននារី ដែលបានចូលរួមសម្ដែងរបាំម៉ាឌីហ្សុនកងទ័ព ក្នុងពិធីបើកសង្ក្រាន្តកំពង់ធំ និងឧបត្ថម្ភជូនកងកម្លាំងដែលមានភារកិច្ចប្រចាំការការពារតាមបណ្តាគោលដៅ ព្រមទាំង កងកម្លាំង ត្រៀមចល័តអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗ តាមបទបញ្ជារបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសបទបញ្ជារបស់ឯកឧត្តមនួន ផារ័ត្ន អភិបាល ខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាសម្រាប់ជួយដោះស្រាយកាលលំបាកផ្សេងៗ និងលើកទឹកចិត្តដល់ កងកម្លាំង ដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងកងកម្លាំងដែលបានចូលរួមសម្ដែងរបាំម៉ាឌីហ្សុនកងទ័ព ក្នុងពិធីអបអរសាទរការបើកសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ ព្រមទាំង បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សហការឱ្យបានល្អជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិអន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបបានសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ នៅពេលនេះ ។

នៅក្នុងឱកាសនេះដែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានដំណើរការបាញ់កាំជ្រួច ដែលជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដើម្បីទទួលអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ដែលត្រូវយាងមកឃុំគ្រងភពផែនដី បន្ត ពី ទេវតា ឆ្នាំ ចាស់ ដើម្បីប្រទានពរជ័យជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ទទួលបាននូវសេចក្តី សុខសេចក្តីចម្រើន សំបូររុងរឿង ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តរៀងទៅ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)




