ឯកឧត្តម ថោ ជេដ្ឋា ផ្តល់អំណោយជូនពលរដ្ឋដែលរងគ្រោះដោយខ្យល់នៅឃុំទ្រា
AKP កំពង់ធំ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥-- លោក ផាង ជីវ័ន្ដ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងអាជ្ញាធរឃុំទ្រា បានអញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងផ្ដល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦គ្រួសារ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ផាង ជីវ័ន្ត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមការងារដែល ឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងក៏ដូចជាក្នុងឃុំទ្រាទាំងមូលជាពិសេសបងប្អូនដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៃឱកាសនេះ ថ្វីដ្បិតតែអំណោយនៅពេលនេះមានសភាពតិចតួចក្តីប៉ុន្តែបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមប្រធានដែលតែងតែបានចុះជួបជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលា។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គរខ្យល់កន្ត្រាក់ឱ្យបានខ្ពស់បំផុតពីព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះនឹងមានបាតុភូតភ្លៀងជាបន្តបន្ទាប់នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងថវិការបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរួមមាន៖អង្ករ៥០គីឡូក្រាម មី០២កេស ត្រីខ០២យួរទឹកត្រី០២យួរ ទឹកស៊ីអ៊ីវ០២យួរ អំបិល ០៥កញ្ចប់ ប៊ីចេង០២កញ្ចប់ ទឹកសុទ្ធ ១០យួរ តង់ ធុងទឹក និងចានដែកមួយ។ ទន្ទឹមនឹងនេះប្រជាជនចំនួន២៥ខ្នងផ្ទះ ក្នុង១គ្រួសារទទួលថវិកាចំនួន១៥ម៉ឺនរៀលចំណែកផ្ទះបងប្អូន១ខ្នងទៀតដែលដួលរលំទាំងស្រុងទទួលបានថវិកា២០ម៉ឺនរៀល៕
ដោយ ស៊ុម វណ្ណា




