ឯកឧត្តម សួស ស៊ីណា ប្រាប់ពលរដ្ឋឱ្យជឿជាក់ និងមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភបាល
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម សួស ស៊ីណា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រាប់ពលរដ្ឋឱ្យមានការជឿជាក់ និងមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសបានបន្តដឹកនាំប្រទេស និងធ្វើការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។ ការលើកឡើងរបស់ឯកឧត្តម សួស ស៊ីណា ដូចនេះធ្វើឡើងក្នុងពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ នៅឃុំរលាំងកែន។

ឯកឧត្តម សួស ស៊ីណា មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់អ្នកបន្តវេន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺពិតជាបានខិតខំ ប្រឹងប្រែងបន្តបេសកកម្មពីរាជរដ្ឋាភិបាលអាណត្តិចាស់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយដែលបច្ចុប្បន្នសម្តេចគឺជាប្រធានព្រឹទ្ធសភា ក្នុងការអភិវឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើននៅលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពនៅពាសពេញផ្ទៃប្រទេស។

ឯកឧត្តមបានបន្តថា ដូច្នេះបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសសូមមានការជឿជាក់ និងមានការគាំទ្រមកលើការដឹកនាំ របស់អ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដោយមិនត្រូវចាញ់ឧបាយកល ឬការ អូសទាញរបស់ក្រុមណាមួយឡើយ។

ឯកឧត្តម សួស ស៊ីណា បានចាត់ទុកការជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅឃុំរលាំងកែន គឺជាការជួបជុំមហាគ្រួសារខ្មែរនៅក្នុងឱកាសនៃពិធី បុណ្យប្រពៃជាតិ ដែលបានប្រព្រឹត្តទៅក្រោមម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស និងក្រោមការអភិវឌ្ឍរីកចម្រើននៅលើគ្រប់វិស័យនៃប្រទេសជាតិ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស គឺជាការសំខាន់ និងចាំបាច់ខ្លាំងណាស់។ សន្តិភាពមានតម្លៃដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិនីមួយៗ ហើយសូមកុំចង់សាកល្បងជាមួយនឹងភ្លើងសង្គ្រាមឱ្យ សោះ ព្រោះសង្គ្រាមក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះបានធ្វើឱ្យកម្ពុជាជួបនូវមហន្តរាយយ៉ាងធំធេង ទំរាំតែអាចពន្លត់វាបានដោយឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចដែលបានដាក់ចេញ ទើបបានធ្វើឱ្យកម្ពុជាមានការឯកភាពទឹកដី មានរាជរដ្ឋាភិបាលតែមួយសម្រាប់ដឹកនាំប្រទេស កសាងប្រទេសឱ្យមាការីកចម្រើនដូចសព្វថ្ងៃ៕
ដោយ៖ ចាន់ សុភឿន




