សង្ក្រាន្ដបន្ទាយមានជ័យពលរដ្ឋកុះករលេងកម្សាន្ដសប្បាយរីករាយ ក្រោមម្លប់សន្តិភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥-- ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាមកលេងកម្សាន្ដនៅបរិវេណសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ ព្រឹត្តិការណ៍ "សង្ក្រាន្តបន្ទាយមានជ័យ" ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត បានទាក់ទាញអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីបើកសង្ក្រាន្តថា ការជួបជុំអបអរសាទរនេះ គឺស្ថិតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការជួបជុំនេះបានបង្ហាញពីការរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

"សង្ក្រាន្តបន្ទាយមានជ័យ" ដែលប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន រួមមាន កម្មវិធីទទួលទេវតាឆ្នាំថ្មី ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ ការរៀបចំដាក់តាំងបង្ហាញនូវផលិតផលភូមិមួយផលិតផលមួយ តំបន់ត្រជាក់ចិត្តជាដើម។
ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យកម្លាំងនគរបាលយាមតាមគោលដៅ និងចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា "ក្រៅពីផ្សព្វផ្សាយតាមបណ្តាញសង្គម កម្លាំងនគរបាលយើងក៏បានធ្វើការផ្សព្វផ្សាយតាមរយៈម៉ូតូ រថយន្ត បំពាក់ដោយគ្រឿងបំពងសំឡេង ចុះផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន និងបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុក្នុងរដូវប្រាំងនេះក្តៅហួតហែងខ្លាំង ដែលអាចងាយបង្កឱ្យមានអគ្គិភ័យឆាបឆេះ ខូចខាតដល់ទ្រព្យសម្បតិ្ត និងបង្ការទប់ស្កាត់បទល្មើសផ្សេងៗ"។
ទន្ទឹមគ្នានេះ កម្លាំងនគរបាលជាច្រើនរូបក៏ត្រូវបានចាត់តាំងឱ្យប្រចាំការត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាបបទល្មើសផ្សេងៗ និងចេញយាមល្បាតតាមគោលដៅសំខាន់ៗ ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលមកកម្សាន្ត។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញពីការសប្បាយរីករាយ និងកោតសរសើរចំពោះការរៀបចំកម្មវិធីដ៏អធិកអធម និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការធានាបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់។ ពួកគេបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ដែលបានបង្កើតឱកាសឱ្យពួកគេបានជួបជុំគ្នា និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមបរិយាកាសដ៏រីករាយ និងសុខសន្តិភាព៕
ដោយ ឈុន សារ៉ាត




