បទយកការណ៍៖ ពលរដ្ឋសប្បាយរីករាយ និងកោតសរសើរ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅលើទឹកដីខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥ --ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ជាមួយនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបងប្អូនប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់ទិសទី ក៏ដូចជា ភ្ញៀវទេសចរបរទេសបាននាំគ្នាសម្រុកមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលបានរៀបចំធ្វើឡើងទឹកដីអច្ឆរិយៈក្នុងខេត្ដសៀមរាបប្រកបដោយផូរផង់របស់កម្ពុជា។

មុនថ្ងៃចាប់ផ្ដើមនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តមកដល់ និងក៏ដូចជាថ្ងៃទី១នៃព្រឹត្តិការណ៍នេះគេឃើញបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវបរទេសជាច្រើននាក់នាំគ្នាសម្រុកធ្វើដំណើរមកកម្សាន្តនៃទឹកដីខេត្តសៀមរាប។ ក្នុងបរិរវេណប្រាសាទអង្គរវត្ត ក៏ដូចជាក្នុងក្រុងសៀមរាបមនុស្សរាប់ពាន់ រាប់ម៉ឺននាក់បានមកដល់ជាស្រេចសម្រាប់ត្រៀមចូលរួម និងកម្សាន្តសប្បាយក្នុងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២៥។

ដោយឡែកនៅ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ គឺមុនព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មកដល់មួយថ្ងៃ និងក៏ដូចជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទិដ្ឋភាពនៃបរិវេណប្រាសាទអង្គរវត្តក្រុមសិល្បៈបាននាំគ្នាហាត់សម និងក៏ដូចជាសម្តែងយ៉ាងរស់រវើកជូនដល់ភ្ញៀវទេសចរ។ ដូចគ្នានេះដែរ ក្រុមយុទ្ធគុនចម្រុះ ខ្មែរបុរាណក៏បានបង្ហាញក្បាច់គុនខ្មែរ នៅខាងមុខប្រាសាទអង្គរវត្ត ពិសេស ក្បាច់គុននីមួយៗជូនសាធារណជនទស្សនាដូចជាក្បាច់គុនល្បុក្កតោ ក្រពើហា ខ្លាក្រាប ស្រងែពេន គុនអាវុធ ក្បាច់គុន ខ.ភ.ម. ប្រដាល់គុនខ្មែរ និងយុទ្ធក្រមខម។

យុវជន រដ្ឋា រក្សា អ្នកសម្តែងសិល្បៈមួយរូបរបស់ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រាប់ឱ្យដឹងថា ឆ្នាំនេះរូបគាត់សប្បាយរីករាយយ៉ាងខ្លាំងដែលបានមកចូលរួមសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ យុវជន រដ្ឋា បាននិយាយថា ការមកសម្តែងលើកនេះដែរគឺមានរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ទើបវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ។

យុវជនរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា៖ «ព្រឹត្តិការណ៍អង្គរសង្រ្កាន្តពិតជាសប្បាយរីករាយ និងបានចាត់ទុកថាជាព្រឹត្តការណ៍ដ៏អស្ចារ្យក្នុងការសម្តែងសិល្បៈកម្សាន្តសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ ខ្ញុំពិតជារីករាយពេលសម្តែងដែលមានទស្សនិកជនយ៉ាងកុះករមកចោមរោមទស្សនា ពិសេសមានទាំងជនជាតិបរទេសក៏បានមកមើលយ៉ាងច្រើន ដែលជាទីមោទនភាពពេកណាស់»។

លើកឡើងដូចគ្នានេះដែរយុវជន ហេង គឹមស៊ុន ជាអ្នកដែលបានចូលរួមសម្តែងសិល្បៈអង្គរសង្រ្កាន្តនៅក្នុងឆ្នាំនេះដែរបានបញ្ជាក់ថា រូបលោករំភើបរីករាយណាស់ នៅពេលដែលបានមកចូលរួមសម្តែងសិល្បៈនាឆ្នាំនេះ។ យុវជន គឹមស៊ុន បានបន្ដថា ក្នុងថ្ងៃទី១ និងព្រឹកថ្ងៃទី២នេះមាន មនុស្សកុះករទស្សនាអង្គរសង្រ្កាន្ត ដែលធ្វើឱ្យរូបលោកជាអ្នកសិល្បៈក៏សប្បាយរីករាយ និងរំភើបទៅជាមួយផងដែរ។

កំពុងតែជក់ចិត្ដដិតអារម្មណ៍ជាមួយនឹងការរៀបចំតុបតែងលម្អរូបភាពប្លែកៗក្នុងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនេះដែរ កញ្ញា លី សៀកជូ ដែលមកពីរាជធានីភ្នំពេញបានមកទស្សនានៅអង្គរសង្រ្កាន្តបានប្រាប់ឱ្យដឹងថា នៅពេលមកដល់ទឹកដីខេត្តសៀមរាបពិសេសមកដល់បរិវេណ អង្គរវត្ត អ្វីដែលកញ្ញាបានចាប់អារម្មណ៍នោះគឺការរៀបចំ តុបតែង ប្រកបដោយសោភ័ណភាព និងកន្លែងកម្សាន្តទាំងនៅតំបន់អង្គរ និងក្រុងសៀមរាបពិតជាស្រស់ស្អាតគួរឱ្យកោតសរសើរ។

យុវសិស្សមកពីរាជធានីភ្នំពេញរូបនេះបាននិយាយដោយបញ្ជាក់ថា ទិដ្ឋភាពការសម្តែងសិល្បៈ ការសម្តែងក្រុមយុទ្ធគុនចម្រុះ ខ្មែរបុរាណ ការតាំងពិព័រណ៍ទំនិញ…ជាព្រឹត្តិការណ៍អស្ចារ្យធ្វើឱ្យទស្សនាមិនចេះនឿយហត់ និងរួមទាំងតំបន់ទេសចរណ៍ច្រើនរាប់មិនអស់ ធ្វើឱ្យទឹកដីសៀមរាបជាទីកម្សាន្តមិនចេះរីងស្ងួតនៃទឹកដីអច្ឆរិយៈមួយនេះរបស់មនុស្សគ្រប់រូប។

ពាក់ព័ន្ធនឹងការរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានគូសបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដែលបង្ហាញពីការជួបជុំគ្រួសារខ្មែរ ក្នុងសម្លៀកបំពាក់ប្រពៃណី នៅមុខប្រាសាទអង្គរវត្ត ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ហើយថា ក្រៅពីសង្ក្រាន្តនៅតាមរាជធានី-ខេត្ត គឺឱ្យមានការរៀបចំអង្គរសង្ក្រាន្ត សាជាថ្មី នៅខេត្តសៀមរាប ។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សក៏រាបានសំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងទៅកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ទន្ទឹមនេះ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ។

ដោយឡែករដ្ឋបាលខេត្តសៀមរាបវិញបានឱ្យដឹងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួន ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមឈ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រឡាញ់ និងលើកស្ទួយវប្បធម៌ជាតិ៕


ដោយ៖ ដេប៉ូ, រូបថត៖ ឃុត សៅ




