សម្ដេចតេជោ ហ៊ុន សែន រម្លឹករឿងចងចាំក្នុងខែមេសា កាលពី៥០ឆ្នាំមុន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាន៍ រម្លឹករឿងដែលចងចាំនៅក្នុងខែមេសាកាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្ដេច។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា រឿងដែលចងចាំនៅក្នុងខែមេសាកាលពីជាង៥០មុនសម្រាប់ជីវិតខ្ញុំ។ ថ្ងៃ៤ មេសាកន្លងមក ជាខួបលើកទី៥៥ឆ្នាំ នៃការចូលរួមចលនារំដោះជាតិតាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិ(៤.មេសា.១៩៧០-៤.មេសា.២០២៥)។ សម្ដេចតេជោបន្តថា ១៣ ខែមេសា កន្លងមកជាខួបលើកទី៥១ឆ្នាំ ដែលខ្ញុំបានជួបមុខភរិយាខ្ញុំជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាម ស្រឡាញ់ភ្លាម នាចុងខែមីនា១៩៧៤ (១៣-មេសា-១៩៧៤ ១៣-មេសា-២០២៥)។ ចុងក្រោយនៅថ្ងៃ១៦មេសា ជាខួបលើកទី៥០ឆ្នាំនៃការត្រូវរបួសធ្ងន់និងពិការភ្នែកឆ្វេង (១៦-មេសា-១៩៧៥-១៦-មេសា-២០២៥)។

សម្ដេចតេជោប្រធានព្រឹទ្ធសភាបានបន្តទៀតថា ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមកនេះ មានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។ ក្រៅពីរឿងយោធា នយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ .ជីវិតពេលមានភរិយា.ជីវិតពេលមានកូន.ជីវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជីវិតពេលមានចៅទួត តែប្រហែលត្រូវរង់ចាំយូរបន្តិចព្រោះចៅៗកំពុងរៀន៕
ដោយ៖ ជឹម ណារី




