បងប្អូនប្រជាពលរដ្ឋប្រមាណជាង៤៨ម៉ឺននាក់សម្រុកចូលមកលេងកម្សាន្ដសង្ក្រាន្តវត្នភ្នំ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥-- ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណជាង ៤៨ម៉ឺននាក់បានសម្រុកចូលមក លេងបាញ់ទឹក លាបម្សៅ នៅតំបន់ត្រជាក់ចិត្ត សង្ក្រាន្ដវត្តភ្នំ២០២៥ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងផ្លូវថ្មើរជើង Walk Street ក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្រោយការចាប់ផ្ដើមដំណើរការក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានសម្រុកចូលមកលេងកម្សាន្ដសង្ក្រាន្ដវត្ដភ្នំ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រមាណ៤៣ម៉ឺននាក់ ហើយនៅផ្លូវថ្មើរជើង (Walk Street) ចំនួន៥ម៉ឺននាក់ផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នេះ។

លោកស្រីបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥ ដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញប្រកាសបើកជាផ្លូវការនាថ្ងៃនេះ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥ ក៏មានការរៀបចំកម្មវិធីសាសនា ទទួលទេវតា និងកម្មវិធីជាច្រើនផ្សេងៗទៀត ដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋចូលមកលេងកម្សាន្ដ ដោយសប្បាយរីករាយ ដើម្បីអបអរសាទរទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងផងដែរ ។


លោក ស្រី ដោ សម្ផស្ស បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានចូលរួមលេងកម្សាន្តសង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥ ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករនេះដែរយ៉ាងសប្បាយរីករាយ។ ទោះបីនៅរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៣ និងទី១៤មេសា ឆ្នាំ២០២៥នេះ ត្រជាក់ត្រជុំលាយឡំជាមួយភ្លៀងជាប់គ្នា២ ថ្ងៃហើយតែប្រជាពលរដ្ឋនៅបន្តចូលមកយ៉ាងច្រើនដើរកម្សាន្តដដែល។ រយៈពេល៣ថ្ងៃដំណើរការសង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥នៅថ្ងៃទី១២-១៣-១៤ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ បាននាំគ្នាសម្រុកទៅលេងបាញ់ទឹកលាបម្សៅនៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ៕
ដោយ សួស សំរិត




