ភ្ញៀវទេសចរបរទេសលើកឡើងថា ការប្រណាំងរទេះ គោ ក្របី នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពិតជាប្លែក និងមានទាក់ទាញ
AKP សៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥-- ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី ពិសេសដើម្បីគាំទ្រ កិច្ចការពារ និងអភិរក្សថែរក្សាកេរ្តិ៍ដំណែលពី បរមបុរាណរៀងមក។ ការប្រណាំងរទេះគោក្របី និងសេះ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានរៀបចំឡើងនៅទីលានអតីតអង្គរឃ្យុងយូ ខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ឱកាសដល់បងប្អូន ប្រជាកសិករដែលកំពុងចិញ្ចឹម និងអ្នកស្រឡាញ់គោក្របីសេះ បង្ហាញនូវសមត្ថភាពពូជគោក្របីសេះខ្មែរ និងរបៀប នៃការប្រណាំង ជូនភ្ញៀវជាតិ និងអន្តរជាតិ ជាការកម្សាន្ត ក៏ដូចជាបានយល់ដឹងអំពីល្បែងប្រណាំងដែលកើតមាន ឡើងតាំងពីសម័យបុរាណមកម៉្លេះ ជាពិសេសពូជគោក្របីសេះល្អរក្នុងចំណោម២៥ រាជធានី-ខេត្ត នៃព្រះរាជាណា ចក្រកម្ពុជា ដូចបណ្តាប្រទេសមួយចំនួនលំដាប់ពិភពលោកដែរ ដោយពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

ភ្ញៀវទេសចរបរទេសមួយក្រុម ដែលបានទៅទស្សនា ការប្រណាំងគោក្របីនេះ បានលើកឡើងថា ពួកគាត់ធ្លាប់តែឃើញការប្រណាំងសេះ ហើយនេះជាលើកដំបូងដែលពួកគាត់បាន ឃើញការប្រណាំងគោក្រីរទេះប្រពៃណីនៅកម្ពុជា វាមើលទៅប្លែក និងគួរឱ្យចាប់អារម្មណ៍មែនទែន។

សូមបញ្ជាក់ដែរថា ក្នុងបរិបទនៃវប្បធម៌ប្រពៃណីខ្មែរ ការប្រណាំងរទេះគោក្របី មានអត្ថន័យ៣យ៉ាង គឺការ ឧទ្ទិសដល់ ព្រះធរណី និងព្រះគង្គា ដែលបានផ្តល់ជីជាតិដី និងទឹកគ្រប់គ្រាន់សម្រាប់ដំណាំចម្ការរបស់ប្រជាជននៅ ក្នុងឆ្នាំកន្លងមក និងការបូជាឧទ្ទិសសម្រាប់ភោគផលល្អនៅឆ្នាំខាងមុខ ការត្រៀមខ្លួនរបស់ប្រជាជនដើម្បីធ្វើការភ្ជួរ រាស់ដីនៅពេលរដូវចូលឆ្នាំបានបញ្ចប់ ដោយការនាំគ្នាចុះមកមើលស្ថានភាពដីស្រែ និងការបំប៉ន កម្លាំងសត្វគោក្របី និងការថែរក្សាសម្ភារកសិកម្មឱ្យបានជាប់ជាប្រចាំ។


កម្មវិធីប្រណាំងរទេះគោក្របីនេះដែរ ក៏ជាផ្នែកមួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួមមាន៖ រំលឹកឡើងវិញនូវវប្បធម៌ប្រពៃណីខ្មែរ ក្នុងការប្រកួតប្រណាំងរទេះគោក្របី ផ្សារភ្ជាប់ការប្រណាំងបែបបុរាណ និងសម័យ លើកកម្ពស់ទឹកចិត្តស្រឡាញ់វប្បធម៌ និងការថែរក្សាបរិស្ថាន កសិកម្ម ក្នុងសន្តានចិត្តប្រជាជនកម្ពុជា៕
ដោយ ឃុត សៅ




