សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងមធ្យោបាយធ្វើដំណើរល្អ បានរួមចំណែកផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋ ក្នុងពេលចូលឆ្នាំថ្មី
AKP សៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កត្តាសុខសន្តិភាព, កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កាន់តែប្រសើរ និងមធ្យោបាយធ្វើដំណើរ របស់ប្រជាពលរដ្ឋកាន់តែច្រើន បានរួមចំណែកធ្វើឱ្យប្រពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយ ប្រារព្ធនូវពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះឡើង ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ២០២៥» នៅខេត្តសៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមែនយោងតាមរបាយការណ៍នោះទេ តែបានមើលឃើញនិងភ្នែក នូវការជំរុញបំផុសនូវស្មារតីស្នេហាជាតិ តាមរយៈការប្រមូលកម្លាំងសរុបរបស់ជាតិ ដោយមិនប្រកាន់និន្នាការ មិនប្រកាន់សាសនា មិនប្រកាន់វិស័យ រួមគ្នាទាំងអស់ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឱ្យបានល្អ ដើម្បីលើកតម្កើងនូវវប្បធម៌សិល្បៈរបស់ខ្មែរ ។

ក្នុងនោះសម្តេចធិបតី ក៏បានបញ្ជាក់ថា ពលរដ្ឋទាំងចាស់ និងក្មេង ទទួលបាននូវភាពសប្បាយរីករាយ ជាមួយសង្ក្រាន្តនានាទូទាំងប្រទេស ជាពិសេសការរៀបចំអង្គរសង្ក្រាន្ត ផ្តល់នូវភាពសប្បាយរីករាយ ដែលមានមនុស្សជាច្រើន មិនថា អ្នកសៀមរាប និងប្រជាជនទូទាំងប្រទេស ចង់ឱ្យមានព្រឹត្តិការណ៍បែបនេះ ដើម្បីអបអរសាទរឆ្នាំថ្មីរបស់ខ្មែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលដែលប្រជាជនកម្ពុជា កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្ញុំព្រះករុណាខ្ញុំ អាចសរុបបានថា យើងមានកត្តា៣ ដែលរួមចំណែក ធ្វើឱ្យប្រជាជនសប្បាយនៅក្នុងប្រទេស ទី១ក្របខណ្ឌប្រទេស ទី១គឺកត្តាសុខសន្តិភាព និងសុវត្ថិភាព ដែលប្រជាពលរដ្ឋមានលទ្ធភាព ធ្វើដំណើរដោយគ្មានការភ័យខ្លាច ទី២ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ របស់យើងកាន់តែប្រសើរ ដែលអាចឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង ហើយប្រើពេលតិច ទី៣ គឺមធ្យោបាយធ្វើដំណើរ របស់ប្រជាពលរដ្ឋមានកាន់តែច្រើន ដែលអាចឆ្លុះបញ្ចាំង អំពីភាពប្រសើឡើង របស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង»។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការរីកចម្រើនទាំងនេះ មើលឃើញកាន់តែច្បាស់ អំពីតម្លៃនៃសុខសន្តិសភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ កាលពីចុងឆ្នាំ១៩៩៨ ។

សម្តេចធិបតី បន្តថា ការពិតបើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍណាមួយកើតឡើងនោះទេ ហើយក៏គ្មានការជួបជុំសប្បាយរីករាយនោះដែរ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាប្តេជ្ញាការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេស ដែលមានការអភិវឌ្ឍរឹងមាំ មិនធ្លាក់នៅក្នុងសង្គ្រាមរ៉ាំរៃ ដូចពីអតីតកាលនោះទេ ហើយជាពិសេសដើម្បីសម្រេចបាន នៅចក្ខុវិស័យឆ្នាំ២០៥០៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី




