សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យរួមគ្នាផ្សព្វផ្សាយពីអ្វីដែល្អៗ របស់ប្រទេសជាតិ ក្នុងអំឡុងពេលនេះ ឱ្យពិភពលោកបានឃើញ សម្រាប់វិស័យទេសចរណ៍
AKP សៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការៀបចំសង្ក្រាន្ត មិនថាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឬសង្ក្រាន្តនានានៅទូទាំងប្រទេស គឺជាឱកាសមួយដែលអាចផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក ដោយត្រូវរួមគ្នាផ្សព្វផ្សាយពីអ្វីដែលល្អៗ របស់ប្រទេសជាតិ ក្នុងអំឡុងពេលនេះ ទៅកាន់ពិភពលោកបានឃើញ សម្រាប់ជួយលើកស្ទួយដល់វិស័យទេសចរណ៍ ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ២០២៥» នៅខេត្តសៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក់ព័ន្ធការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការរៀបចំអង្គរសង្ក្រាន្ត មិនថានៅសៀមរាប បន្ថែមនិងការរៀបចំសង្ក្រាន្តនៅទូទាំងប្រទេស និងដែលបានកំពុងផ្សព្វផ្សាយ ពីខេត្តសៀមរាប មិនមែនសម្រាប់តែខេត្តសៀមរាប ឬតំបន់អង្គរនោះទេ តែគឺជាការផ្សព្វផ្សាយទៅទូទាំងពិភពលោក ដើម្បីបញ្ជាក់ថា ប្រទេសកម្ពុជា មានភាពសប្បាយរីករាយ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ។

សម្តេចធិបតី បន្ថែមថា ការផ្សព្វផ្សាយ ដែលជួយលើកវិស័យទេសចរណ៍ មិនមែនតែខេត្តសៀមរាបនោះទេ ប៉ុន្តែគឺនៅទូទាំងប្រទេសកម្ពុជាតែម្តង ត្រូវបង្ហាញពីសុវត្ថិភាព សន្តិសុខ និងភាពល្អរបស់ប្រជាជន, វប្បធម៌ខ្មែរ និងប្រទេសជាតិ ទៅកាន់ពិភពលោក ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ។

ក្នុងនោះសម្តេចធិបតី បញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងភាពវិជ្ជមានល្អៗនេះ នឹងទាញភ្ញៀវទេសចរមកទៀត ដើម្បីសម្រេចគោលដៅធ្វើយ៉ាងណា ឱ្យខែHigh និងខែLow ឬខែបៃតង់ជាឈ្មោះរបស់រដ្ឋមន្ត្រីទេសចរណ៍ ទើបតែដាក់ឈ្មោះថ្មីនេះ កុំឱ្យមានគម្លាតឆ្ងាយពេក ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរ ម្នាក់ៗសុទ្ធតែមានបណ្តាញសង្គមផ្ទាល់ខ្លួន ហើយបានបង្ហោះពីផលវិជ្ជមានជាច្រើន ជាពិសេសយុវជន បានបង្ហោះផ្សព្វផ្សាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំឃើញគាត់បង្ហោះល្អៗ យុវជនរបស់យើង គាត់បង្ហោះសប្បាយ គាត់បង្ហោះស្លៀកពាក់ខោអាវថតវប្បធម៌របស់យើង គាត់សូម្បីលេងទឹក ប៉ាតម្សៅឬមួយវាយក្អម ឬមួយអ្វីនេះ គឺផ្សព្វផ្សាយឱ្យបានល្អ ហើយខ្ញុំសូមអរគុណណាស់ នៅទីនេះ និងនៅទូទាំងប្រទេស យើងរួមគ្នាផ្សព្វផ្សាយល្អ ពីប្រទេសជាតិរបស់យើង ដើម្បីយើងបានល្អទាំងអស់គ្នា សម្រាប់វិស័យទេសចរណ៍»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី




