សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អង្គរសង្រ្កាន្ត ក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់
AKP សៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អង្គរសង្រ្កាន្ត បានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់ សម្រាប់ទាក់ទាញ និងបំផុសអ្នកទេសចរឱ្យចូលមកកម្សាន្តក្នុងខេត្តសៀមរាបនិយាយដោយឡែក និងមកទស្សនាទូទាំងប្រទេសកម្ពុជានិយាយជារួម។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ២០២៥» នៅខេត្តសៀមរាប ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសំដែងក្ដីសប្បាយរីករាយពេលឃើញបងប្អូនប្រជាពលរដ្ឋដើរលេងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«អង្គរសង្ក្រាន្តទេសចរណ៍វប្បធម៌ប្រពៃណី ទេសចរណ៍ព្រឹត្តិការណ៍សង្គម ទេសចរណ៍ធម្មជាតិ និងទេសចរណ៍បុរាណដ្ឋាន ទន្ទឹមនឹងការរៀបចំសង្រ្កាន្តលើទឹកដីដ៏បវរអង្គរនៃយើង សង្រ្កាន្តនៅគ្រប់រាជធានីខេត្តក្រុង ស្រុក និងវិទ្យាល័យនានា នៅទូទាំងប្រទេសបាននឹងកំពុងរៀបចំឡើងដូចគ្នា។ នេះជាពេលវេលាដែលយើងបានបង្ហាញវប្បធម៌ ប្រពៃណី របស់យើង»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា «ការរៀបចំអង្គរសង្រ្កាន្ត មិនត្រឹមតែផ្សព្វផ្សាយឱ្យឃើញតែភាពសប្បាយរីករាយ សុខសុវត្ថិភាពតែនៅសៀមរាបនោះទេ គឺនៅព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់ ដែលនេះជាការផ្សាយវិជ្ជមាន ដែលនឹងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។ យើងផ្សព្វផ្សាយល្អពីកម្ពុជា ដើម្បីកម្ពុជាទាំងអស់គ្នា»។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅឆ្នាំនេះ ក្រោមប្រធានបទ ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី បានក្លាយទៅជាកត្តាជំរុញដ៏សំខាន់ ក្នុងការទាក់ទាញទេសចរមកទស្សនាកម្ពុជា និងបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានរបស់យើង៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី




