ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីរាជការសាលារាជធានីភ្នំពេញ ចូលរួមលេងល្បែងប្រជាប្រិយសង្ក្រាន្ដវត្ដភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥-- សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ ព.ស២៥៦៩ បានចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងមន្ដ្រីរាជការ សាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នេះនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ សង្ក្រាន្តវត្តភ្នំចាប់ផ្តើមឡើងនៅព្រឹកថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ រហូតដល់ម៉ោង២០៖០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះ ពុទ្ធរូបពូនភ្នំខ្សាច់ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និងការតាំងបង្ហាញផលិតផលខ្មែរជាដើម។


សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកម្មវិធីយ៉ាងអធឹកអធមនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំចំនួន៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤,១៥និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរ ជើង ឬ Walk Street វិញ ក៏បានរៀបចំមុនថ្ងៃចូលឆ្នាំ ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំទៀត ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។ ពាក់ព័ន្ធនឹងផ្លូវថ្មីរជើង (Walk Street) នេះដែរ សម្រាប់សប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ ពោលគឺ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ក្នុងនោះសម្រាប់ថ្ងៃសៅរ៍ ទី១២មេសា មានរបាំបួងសួង ថ្ងៃអាទិត្យទី១៣ មេសា មានល្ខោនខោល របាំកន្តែរ៉ែ ថ្ងៃទី១៤ មេសា មានល្ខោនបាសាក់ យក្ខិនី ថ្ងៃទី១៥ ល្ខោនបាសាក់ និងថ្ងៃទី១៦ មេសា ការសម្តែងក្បាច់គុណល្បុក្កតោផងដែរ។


ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស២០២៥ ក្នុងន័យលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទីក្រុង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារគ្រោះអគ្គិភ័យ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕
ដោយ សួស សំរិត




