ថ្ងៃចូលឆ្នាំទីមួយ ភ្ញៀវទេសចរបរទេសតាមនាវាជាង៦០០នាក់មកទស្សនាលេងកម្សាន្តសង្ក្រាន្តខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥-- នាព្រឹកថ្ងៃចន្ទទី១៤ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃចូលឆ្នាំទី១ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាវាទេសចរណ៍បរទេស OCEANIA REGATTA បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៦០០នាក់ ស្មើនឹង២៥សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ច ទស្សនាសង្ក្រាន្តនៅខេត្តព្រះសីហនុ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ស្របពេលដែលរដ្ឋបាលខេត្តព្រះសីហនុ កំពុងមមាញឹករៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំងមួយចំនួនក្នុងខេត្ត។

មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី១៤ ខែមេសានេះ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ OCEANIA REGATTA មានសញ្ជាតិ Marsall sland មានបណ្តោយ ១៨០.៤៥ម៉ែត្រ ទទឹង ២៩.២៤ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៦១៤នាក់ ស្រី ៣៣១នាក់ ស្មើនឹង២៥សញ្ជាតិ និងមាននាវិកសរុបចំនួន៤០០នាក់ ស្រី៨៨នាក់ ស្មើនឹង៣៥សញ្ជាតិ។ នាវាទេសចរណ៍ OCEANIA REGATTA បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង១០ និង ៣៥នាទី ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៥ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។ ទន្ទឹមនឹងការចូលចតទស្សនាកម្សាន្តសង្ក្រាន្តនៅខេត្តព្រះសីហនុ មន្ត្រីអន្តោប្រវេសន៍នៃច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានជួយសម្រួលបែបបទជូនភ្ញៀវទេសចរបានលឿន ឆាប់ នៅពេលនាវាចូលចតប្រកបដោយសុវត្ថិភាព ភ្ញៀវទេសចរពួកគាត់អាចចុះទៅទស្សនានៅតាមតំបន់កម្សាន្តក្នុងក្រុង ខេត្តព្រះសីហនុដោយមិនមានការរង់ចាំខាតពេលវេលា នៃដំណើកម្សាន្តរបស់ពួកគាត់នោះទេ។

តាមរយ:សកម្មភាពនៃដំណើទស្សនកិច្ចរបស់ភ្ញៀវទេសចរបរទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅក្នុងក្រុង ខេត្តព្រះសីហនុ ភ្ញៀវទេសចរបានធ្វើដំណើទស្សនាកម្សាន្តនៅតាមទីតាំងសង្ក្រាន្តក្នុងក្រុងព្រះ សីហនុ និងតំបន់ទេសចរណ៍វប្បធម៌ និងតំបន់ធម្មជាតិក្នុងខេត្តព្រះសីហនុ ចំពោះភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា OCEANIA REGATTA ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៤២០នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។
ភ្ញៀវទេសចរបរទេសបានធ្វើដំណើរទស្សនាក្នុងក្រុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលកសង្កាត់លេខ១ ទីប្រជុំជនផ្សារលើ វេទិការបុណ្យជាតិ ៧មករា តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ កម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) វត្តបិតត្រាំង ស្ថិតនៅសង្កាត់រាម និងសង្កាត់បិតត្រាំង ក្រុងកំពង់សោម។

ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានការទទួលស្វាគមន៍ពីរដ្ឋបាលក្រុង ខេត្តព្រះសីហនុ នៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុ ព្រមទាំងមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពសាធារណៈពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕
ដោយ ងូ សុមុនី




