ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជាការថែរក្សា វប្បធម៌ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ
AKP សៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ -- រាជរដ្ឋាភិបាលកម្ពុជា បានរៀបព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ នៅក្តារបែនប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនេះ។ ជាមួយគ្នានេះក៏មានការដង្ហែព្រះរាជដំណើរក្នុងវរោកាស មហាមង្គលនេះ គេសង្កេតឃើញមានវត្តមានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនអង្គ/នាក់ទៀតផងដែរ។

ការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែល នឹងប្រព្រឹត្តទៅនាពេលនេះ គឺជាគំនិតផ្តួចផ្តើម និងជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំមកនូវសេចក្តីសុខចម្រើន និងបញ្ចៀសនូវអពមង្គលផ្សេងៗ ព្រមទាំងថ្វាយព្រះសព្ទសាធុការពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ និងសូមជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជានុរាស្ត្រយើងគ្រប់ស្រទាប់ សូមបានជួបប្រទះតែសេចក្តីសុខសន្តិភាព និងបានចម្រើន នៅក្នុងជីវភាពសង្គម និងគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ។

លោក សម្បត្តិ លីយឿត ជាប្រជាពលរដ្ឋម្នាក់នៅ ក្នុងខេត្តសៀមរាប បានលើកឡើងថា ការរៀបព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ គឺពិតជាមានសារៈសំខាន់ណាស់ ជាការថែរក្សានូវវប្បធម៌ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។លោកបានបន្តថា ជំនឿលើការបួងសួងចម្រើនសេចក្តីសុខនេះ គឺមានតាំងពីយូលង់មក។ ដូច នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបចង់ឱ្យមានការថែរក្សា ប្រពៃណី វប្បធម៌ ជំនឿ របស់ខ្មែរយើងឱ្យនៅគង់វង្ស ព្រោះថា ប្រទេសនិមួយៗតែងតែមានការគោរពរទៅលើសាសនា វប្បធម៌ និងជំនឿនេះឯង។

លោកក៏សំណូមពរឱ្យមានការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនេះ ជារៀងរាល់ឆ្នាំ ពីព្រោះប្រជាពលរដ្ឋខ្មែរមានជំនឿថា ព្រះរាជពិធីនេះ បានធ្វើឱ្យប្រជាពលរដ្ឋជួបតែសេចក្តីសុខចម្រើន ប្រទេសជាតិ ក៏មានការរីកចម្រើន និងមានសន្តិភាពជារាងរហូតដែរ។
សូមជម្រាបជូនថា នៅក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនេះដែរ ក៏បានបួងសួងសូមឱ្យតេជៈនុភាពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ៗព្រះអង្គពិសេស ទសបារមីវត្ថុស័ក្កសិទ្ធគ្រប់ព្រះអង្គ សូមមេត្តាអភិបាលថែរក្សា ការពារព្រះរាជាណាចក្រកម្ពុជាសូមឱ្យមានភាពជំរុងចំម្រើនសម្បូរសប្បាយ សុខកាដុមរមនាថ្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍គ្រប់វិស័យទាំងអស់ ក្រោមម្លប់សុខសន្តិភាព និងសូមបញ្ជៀស នូវបាតុភូតគ្រោះធម្មជាតិ គ្រោះមហន្តរាយនិមិត្តអាក្រក់ អភិមង្គលទាំងឡាយឱ្យចាកចេញចៀសឆ្ងាយពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីពេលនេះតរៀងទៅ ដោយជានុភាពនៃការថ្វាគ្រឿងដង្វាយ សូមព្រះវិញ្ញាណក្ខន្ធអតីតមហាក្សត្រាគ្រប់ព្រះអង្គ ប្រទាននូសព្វសារធុការពរ ជូនថ្នាក់ដឹកនាំស្ថាបនកំពូលទាំងបីរបស់ជាតិ ដែលមានរដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស សូមបានសេចក្តីសុខចម្រើន៕



ដោយ៖ ឃុត សៅ




