អភិបាលរងខេត្តកំពង់ធំនាំយកសម្ភារសិក្សា និងនំចំណី ចែកជូនកុមារកំព្រានៅបុរីកុមារកំព្រាខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥-- លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ធំនូវសម្ភារសិក្សា និងនំចំណីចែកជូនកុមារកំព្រាចំនួន៤៨នាក់ នៅបុរីកុមារខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកស្រី លំ គន្ធារី បានមានប្រសាសន៍លើកទឹកចិត្តដល់កុមារបុរីកុមារកំព្រាខេត្តកំពង់ធំ និងសូមអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស ដើម្បីឧបត្ថម្ភជាសម្ភារ និងថវិកាដើម្បីគាំទ្រដល់កុមារកំព្រាក្នុងការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់បំផុតឱ្យបានចូលរៀនដូចកុមារដទៃទៀតដែរ ពិសេសសូមផ្ដល់គ្រឿងឧបភោគបរិភោគដល់កុមារកំព្រាសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកស្រីអភិបាលរងខេត្តកំពង់ធំបានលើកឡើងថា ដោយសង្កេតឃើញពីការរស់នៅរបស់កុមារកំព្រា មានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ធំ បានផ្តល់សម្ភារសិក្សា និងនំចំណីបន្តិចបន្តួចសម្រាប់តម្រូវការក្នុងការសិក្សារៀនសូត្រ។ ស្របពេលជាមួយគ្នានេះដែរ លោកស្រីបានផ្ដល់សម្ភារសិក្សាដល់កុមារកំព្រា ដើម្បីឱ្យពួកគាត់និងការសិក្សាទទួលបានជោគជ័យ។សូមក្មួយៗទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ពិសេសគឺចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ និងកុមារកំព្រាទាំង៤៨នាក់ បុគ្គលិកមេដោះ មានសេចក្តីសោមនស្សរីករាយដែលបានលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារ ទាំងអស់បានផ្ដល់សម្ភារសិក្សា និងនំចំណីដល់កុមារកំព្រាយើងខ្ញុំនាឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ កម្មវិធីសប្បុរសធម៌នេះពិតជាបានបង្ហាញអារម្មណ៍សប្បាយរីករាយនិងផ្តល់ភាពកក់ក្តៅ ព្រមទាំងបានចូលរួមលើកកម្ពស់នៃសិទ្ធក្នុងការអភិវឌ្ឍ ផ្តល់នូវសេចក្តីស្រឡាញ់ និងស្នាមញញឹមដល់កុមារ សិទ្ធរស់រានមានជីវិតរបស់កុមារ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ លើវិស័យកុមារជាពិសេសដល់កុមារកំព្រាថ្ងៃនេះ សកម្មភាពមនុស្សធម៌នេះបានស្តែងឱ្យឃើញនូវអំពើល្អ ដែលកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដ។
សូមជម្រាបផងដែរថានៅបុរីកុមារកំព្រាខេត្តកំពង់ធំមានកុមារកំព្រាចំនួន ៤៨នាក់នាក់(ស្រី២៣នាក់) និងបុគ្គលិកចំនួន០៦នាក់ (ស្រី០៤នាក់)៕
ដោយ ស៊ុម វណ្ណា




