អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។


ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា តាមរយៈការបំពេញការងារដ៏នឿយហត់របស់ថ្នាក់ដឹកនាំមន្ត្រីរាជការ ធ្វើឱ្យខេត្តកំពង់ធំទទួលបាននូវសមិទ្ធផលថ្មីជាច្រើន និងកំពុងកែប្រែនូវមុខមាត់ថ្មីថែមទៀត។ ទន្ទឹមនឹងនោះមឯកឧត្តមបានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការរដ្ឋបាលសាលាខេត្តទាំងអស់ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងបានលើកឡើងនូវផែនការមេមួយចំនួនដែលរដ្ឋបាលខេត្តគ្រោងនឹងអភិវឌ្ឍខេត្តកំពង់ធំក្នុងនោះមានការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងស្ទឹងសែនបង្កើតបុរីរដ្ឋបាលខេត្ត បង្កើតសួនកសិឧស្សហកម្ម វារីវប្បកម្មទំនប់ស្ទាក់ទឹកដងកាំបិតទំនប់ស្ទាក់ទឹកកំពង់គោដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរ។


ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា ក្រៅពីការងារអភិវឌ្ឍន៍ រដ្ឋបាលខេត្តក៏បានរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដើម្បីចូលរួមលើកកម្ពស់សន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ជាពិសេសនៅក្នុងឱកាសសង្ក្រាន្តកំពង់ធំនេះផងដែរ។ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្រោមការគាំទ្រពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ ជាមួយការប្រមូលកៀរគរកម្លាំងសរុបនិងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាននូវ "យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡានៅតាមដងផ្លូវជាតិលេខ ៦" នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាបប្រវែងសរុប ១៤៤គីឡូម៉ែត្រឱ្យបានរួចរាល់ទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ២០២៦ខាងមុខ។ ហើយគម្រោងដ៏ធំនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹតនិងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៦ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ៕
ដោយ ស៊ុម វណ្ណា




