ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រានកំពង់ធំ ឆ្នាំ២០២៥ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥--កាលពីល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតនឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំនិងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រានកំពង់ធំ ឆ្នាំ២០២៥នៅបរិវេណសួនស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការអញ្ជើញការចូលរួមផងដែរពីឯកឧត្ដមទេសរដ្ឋមន្រ្តី ថោង ខុន, ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោកជំទាវ កុយ ពិសី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី,ឯកឧត្ដម លោកជំទាវសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា,ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ, ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ២០០០នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ធំដែលបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» នេះបានយ៉ាងល្អ អធឹកអធម និងមានការតុបតែងប្រកប ដោយសោភ័ណភាព និងភាពទាក់ទាញ ដើម្បីផ្តល់ឱកាសដល់ បងប្អូនប្រជាពលរដ្ឋបានកម្សាន្ត និងរីករាយសប្បាយក្នុងឱកាសចូលឆ្នាំថ្មីផង និងដើម្បីលើកកម្ពស់មុខមាត់របស់ខេត្តកំពង់ធំផង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាការរៀបចំព្រឹត្តិការណ៍ សង្ក្រានកំពង់ធំ ឆ្នាំ២០២៥ដោយរួមទាំងការរៀបចំសង្ក្រាន្តនៅតាមបណ្តាស្រុកនានាក្នុងមូលដ្ឋានខេត្តកំពង់ធំទាំងមូលអាចចាត់ទុកថា ជាការចាប់ផ្តើមនៃយុទ្ធនាការជំរុញវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ ដោយផ្អែកលើផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំក្នុងនោះ រួមទាំងការអភិវឌ្ឍតំបន់ទេសចរណ៍ក្នុងក្រុងស្ទឹងសែន និងតំបន់ប្រសាទសំបូរព្រៃគុក និងការផលិតនិងការលក់ដូរផលិតផលក្នុងស្រុកព្រមទាំងម្ហូបអាហារដែលមានឱជារសឆ្ងាញ់សំដៅការទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានដែលឆ្លងកាត់ខេត្តកំពង់ធំ «កុំឱ្យទៅហួសមកហួស» តទៅទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិការណ៍ដែលកម្ពុជាបាន និងកំពុងទទួលផលពីសុខសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថិរភាពនយោបាយព្រមទាំងវិបុលភាព វឌ្ឍនភាពនិងការអភិវឌ្ឍលើគ្រប់វិស័យដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែននិងការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោក្នុងបុព្វហេតុសង្គ្រោះ ការពារ កសាងនិងអភិវឌ្ឍកម្ពុជា និងបានប្រព្រឹត្តទៅក្នុងបេសកកម្មដ៏វិសិដ្ឋរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាននិងកំពុងបន្តនិរន្តរភាព ចលនការនិងវឌ្ឍនភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយពុះពារគ្រប់ឧបសគ្គ បម្រើប្រជាជន ពន្លឿនកិច្ចអភិវឌ្ឍនិងជំរុញការអនុវត្តកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿងស្របតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនក្រោមការដឹកនាំដោយថាមភាពនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត ក៏បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខ ដោយសេចក្តីនឹករឭកពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រីនិង លោកជំទាវបណ្ឌិតជូនចំពោះលោកយាយ លោកតា អ៊ំ ពូ មីង បងប្អូន ក្មួយៗយុវជន ទាំងអស់ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសង្ក្រាន្តឆ្នាំនេះ និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី មិនថាយប់ឬថ្ងៃនិយាយជារួម និងនិយាយឡែកសម្រាប់ខេត្តកំពង់ធំតាមរយៈវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីក្នុងខេត្តកំពង់ធំនាពេលកន្លងមកក៏ដូចជាក្នុងពេលថ្មីៗនេះ។

ឯកឧត្ដម វង្សី វិស្សុត ក៏ បានមានប្រសាសន៍ផងដែរ សូមឱ្យបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅសូមចូលរួមអបអរសាទរ សប្បាយរីករាយសង្រ្កាន្តឆ្នាំថ្មីទាំងអស់គ្នា តែសូមបងប្អូន ជាពិសេសយុវជនសូមប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ប្រុងប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យគ្នាខ្ពស់និងចៀសវាងនូវជម្លោះទាស់ទែងគ្នាដើម្បីបង្កើនចំណងសាមគ្កីភាព ចាប់តាំងពីកម្រិតខេត្ត រហូតដល់សហគមនិងភូមិផងនិងដើម្បីថែរក្សាវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់ ជាពិសេសអត្តសញ្ញាណរបស់ខ្មែរយើងកុំឱ្យបាត់បង់ផងដែរ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ ទីស្ដីការគណៈរដ្ឋមន្ត្រី)




