ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញ មកចូលរួមលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥-- ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នារសៀលថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៥ មុខសាលាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ សូមអញ្ជើញ មកចូលរួមលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម ដោយរដ្ឋបាលខេត្តបានរៀបចំការលេងល្បែងប្រជាប្រិយជាច្រើន ពិសេសគឺការរៀបចំឱ្យមាន លៀសហាលកំពង់ចាម ១.០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅបរិវេណសួនស្មៅមុខសាលាខេត្ត ។


ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា សង្ក្រាន្តកំពង់ចាមយើងឆ្នាំនេះ មានរៀបចំលៀសហាល ចំនួន៣តោន មានប្រវែង១.០០០ម៉ែត្រ ចាប់ពីវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូក ហើយ រដ្ឋបាលខេត្តកំពង់ចាម ក៏បានរៀបចំ ដាក់ឱ្យដំណើរការសេវា WiFi ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ «Sangkran KPC-2569» រួមនឹងការរៀបចំតុបតែងលម្អ និងរៀបចំពាងទឹកនៅអមសងខាងផ្លូវ ។


ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម ឆ្នាំនេះ រដ្ឋបាលខេត្តបានបង្កើតនូវកម្មវិធីល្បែងប្រជាប្រិយជាច្រើននៅ ក្នុងក្រុងកំពង់ចាម នៅតាមទីតាំងនានាមានដូចជាល្បែង ចោលឈូង, បោះអង្គុញ, លាក់កន្សែង, ល្បែងទាញព្រ័ត្រ វាយក្អម, ស្តេចចង់, លោតបាវ, ដណ្តើមស្លឹកឈើ ឡើងសសរខ្លាញ់ជាដើម រយៈពេល៣ថ្ងៃចាប់ពីម៉ោង ១៤៖០០នាទីតទៅ និងចាប់ពីម៉ោង១៨៖០០នាទី មានកម្មវិធីរាំលេងកម្សាន្តសប្បាយរីករាយ។ សូមបងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលរួមលេងឱ្យបានច្រើនកុះករ ក្នុងកម្មវិធីលេងល្បែង ប្រជាប្រិយ ដើម្បីថែរក្សាវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ជាតិយើង ក្រោមម្លប់សុខសន្តិភាព៕
ដោយ ឆាយ ម៉ុត




