ពិធីដង្ហែក្បួនសង្ក្រាន្តខេត្តកណ្តាល ដេីម្បីសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥
AKP កណ្តាល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីដង្ហែក្បួនសង្ក្រាន្តខេត្តកណ្តាល ដោយដង្ហែរូបសំណាកសត្វពស់ ក្រោមអធិបតីភាពលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត លោក ប៊ុន ផេង អភិបាលរងខេត្ត និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ដើម្បីអបអរព្រឹត្តការណ៍សង្ក្រាន្តខេត្តកណ្ដាល និងដើម្បីទទួលស្វាគមន៍ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។

ការដង្ហែក្បួនសង្រ្កាន្តខេត្តកណ្តាល រូបសំណាកសត្វពស់ក្នុងបំណងឧទ្ទិសបួងសួងសុំពរជ័យ សិរិមង្គលពីទេវតាឆ្នាំថ្មីដេីម្បីប្រោះព្រំជូនដល់ប្រជាជនទូទាំងខេត្តកណ្តាល ឱ្យបានសេចក្តីសុខគ្រប់ប្រការក្នុងឆ្នាំថ្មីនេះ។ កម្មវិធីដង្ហែក្បួនសង្រ្កាន្តឆ្នាំថ្មីនេះគឺតំណាងឱ្យពន្លឺពរជ័យនៃវត្ថុសក្តិសិទ្ធដ៏ប្រសេីរដែលបានផ្តល់ជីវិតភាពសំបូរសប្បាយ។ ពិធីដង្ហែក្បួននេះមានការចូលួមពីសំណាក់មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងសិល្បករ សិល្បការិនី ជាច្រើនរូប។

សូមបញ្ជាក់ថា ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលនៅក្រុងតាខ្មៅឆ្នាំនេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានរៀបចំស្តង់ពិព័រណ៍ទំនិញជាច្រើនមុខការ ការប្រគុំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ការបាញ់ទឹក បាញ់កាំជ្រួច និងកម្មវិធីសប្បាយៗជាច្រើនទៀត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




