ពលរដ្ឋជិះរថយន្តក្រុងដឹកអ្នកដំណើរដោយគិតថ្លៃសម្តែងសេចក្តីសប្បាយរីករាយមកលេងខេត្តកំពត
AKP កំពត ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- ពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដោយឥតគិតថ្លៃពីរាជធានីភ្នំពេញ មកខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ក្នុងដំណើរកម្សាន្តមកដល់ខេត្តកំពតដោយសុវត្ថិភាព។ ពួកគាត់ថា ការផ្តល់សេវារថយន្តក្រុងនេះជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ កម្មករ កម្មការិនីរោងចក្រក្នុងការធ្វើដំណើរមកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីជួបជុំបងប្អូនសាច់ញាតិ។

ពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដោយឥតគិតថ្លៃ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះថា កាលពីមុនដល់ពេលបុណ្យទានធំម្តងៗ ពួកគេតែងព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការធ្វើដំណើរផង ខ្លាចខ្វះខាតថវិកាផង ពេលខ្លះមិនចង់ទៅលេងស្រុកកំណើតទេ ប៉ុន្តែមកដល់បច្ចុប្បន្ន ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ និងមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ជាក់ស្តែងការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទាំងនៅក្នុងរាជធានី និងចេញទៅគ្រប់បណ្តាខេត្ត ដោយឥតគិតថ្លៃនេះ គឺជួយសម្រួលបានច្រើនណាស់ ការធ្វើដំណើរងាយស្រួល មានផាសុកភាព សុវត្ថិភាពនោះ។


បុគ្គលិករដ្ឋករស្វយ័តដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ លោក ម៉ម សុខម៉េង បានបញ្ជាក់ថា ក្នុងរដូវកាលចូលឆ្នាំថ្មីឆ្នាំនេះ ពលរដ្ឋមកប្រើសេវារថយន្តក្រុងកើនឡើង និងបានដឹងព័ត៌មានច្បាស់ជាងមុន។ លោកថាសាលាក្រុងបានផ្តល់រថយន្ត៩គ្រឿងមកខេត្តកំពត ចេញដំណើរពីស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាសរាជធានី មកចំណតរថយន្តខេត្តកំពត ។
សូមបញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃទៅមក (រាជធានីភ្នំពេញ - ខេត្តកំពត) ចាប់ផ្តើមពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥៕
ដោយ ប្រាក់ លាង




