ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នងតំបន់ស្នងអន ឃុំសុចិត្រ
AKP កំពង់ធំ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងររ៉ែនិងថាមពល និងលោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅអាគារសិក្សា០១ខ្នង៥បន្ទប់ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
បន្ទាប់ពីលោក ស៊ីន វឌ្ឍវុធ អភិបាលស្រុកសណ្ដាន់ ឡើងរាយការណ៍អំពីស្ថានភាពភូមិសាស្ត្ររបស់ស្រុករួចមក លោក Zherg Jun Taoតំណាងក្រុមហ៊ុនជាំង ស៊ា ម៉ាញនឺង បានលើកឡើងថាដោយមើលឃើញថាកន្លងមក ប្អូនៗក្មួយៗរៀនក្នុងថ្នាក់អគារចាស់ទ្រុឌទ្រោមមានបរិយាកាសសិក្សាលំបាកខ្លាំង។ទើបក្រុមហ៊ុនបានសុំគារអនុញ្ញាតិពីអាជ្ញាធរដើម្បីសាងសង់អគារសិក្សាថ្មី០១ខ្នង មាន៥បន្ទប់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានបង្រៀននិងរៀនបានស្រួល។ លោកបន្តថាចាប់ពីថ្ងៃនេះទៅ ប្អូនៗនឹងមានបរិកាសសិក្សាល្អប្រសើរជាងមុន។ សាលាបឋមសិក្សាស្នងអនថ្មីនេះមិនត្រឹមតែមានបន្ទប់សិក្សាធំទូលាយដើម្បីឱ្យពួកគាត់ទទួលបាននូវបរិកាសការងារល្អនិងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។


ក្រៅពីនេះសាលាក៏បានរៀបចំនូវបន្ទប់ទឹកប្រកបដោយអនាម័យនិងទីលានលេងកីឡា ដើម្បីឱ្យប្អូនៗឆាប់ធំលូតលាស់ដោយមានសុខភាពល្អ យកចិត្តទុកដាក់រៀនសូត្រ សម្រេចក្តីស្រមៃ។ នៅទីនេះ ការសិក្សានឹងកាន់តែមានភាពរីករាយនិងភាសុខភាព។ សាលារៀនមួយខ្នងនេះ បានកើតចេញពីការចូលរួម ខិតខំប្រឹងប្រែងពីភាគីពាក់ពន្ធជាច្រើននាក់ ក្រុមហ៊ុនជាំងស៊ា ម៉ាញនឹង មានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាហើយយើងក៏សប្បាយចិត្តយ៉ាងខ្លាំង ដែលបានជួយដល់ប្អូន។ការអប់រំគឺជាកូនសោរដ៏សំខាន់នៅក្នុងជីវិត ចំណែកឯសាលាជាទីចាប់ផ្តើមក្តីស្រមៃរបស់ប្អូនៗ។ ការសម្ពោធថ្ងៃនេះមិនមែនជាចំណុចបញ្ចប់ទេប៉ុន្តែជាចំណុចផ្តើម។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ក្រុមហ៊ុន ជាំងស៊ា ម៉ាញនឹង បានរៀបចំអំណោយទឹកចិត្ត (មានដូចជាសម្ភារប្រើប្រាស់និងថវិការ) សម្រាប់លោកគ្រូ អ្នកគ្រូ ប្អូនៗសិក្សានុសិស្សានិងអាណាព្យាបាល។

ក្នុងឱកាសនោះលោក អ៊ុន បុត្ត និងឯកឧត្តម អ៊ឹង ឌីប៉ូឡា បានថ្លែងអំណរគុណប្រកបដោយកសោមនស្សរីករាយក្រៃលែងចំពោះប្រជាជនស្រុកសណ្ដាន់និយាយរួម និងនិយាយដោយឡែកចំពោះប្រជាជនឃុំសុចិត្រដែលមានក្តីរំភើបរីករាយឥតឧបមាសម្រាប់ចំណងដៃអនុស្សាវរីយ៍ដ៏មានតម្លៃពន់ពេករបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមហ៊ុន ជាំងស៊ា ម៉ាញនឹងបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋទូទៅទាំងអស់ក្នុងទូទាំងប្រទេស។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី០១ខ្នងនេះមិនមែនជាលើកដំបូងហើយក៏មិនមែនជាលើកចុងក្រោយសម្រាប់ស្រុកសណ្ដាន់ដែរ។


ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់អាជ្ញាធរលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សានូវសមិទ្ធផលថ្មីនេះឱ្យបានគង់វង្ស និងយូរអង្វែងព្រមទាំងបានផ្ដាំផ្ញើដល់ក្មួយៗត្រូវខិតខំប្រឹងរៀនសូត្រដើម្បីឱ្យក្លាយជាទំពាំងស្នងឫស្សី ចៀសឱ្យផុតអំពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕
ដោយ ស៊ុម វណ្ណា




