នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញត្រួតពិនិត្យទីតាំងសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញទៅត្រួតពិនិត្យទីតាំងដីសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំស្ថិតនៅអតីតទីតាំងព្រលានយន្តហោះចាស់ភូមិវ័ល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍បញ្ជាក់ជូនថា កន្លងមកនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានស្នើសុំគោលការឯកភាព ពីក្រសួង ស្ថាប័នសាមុីដែលមានការពាក់ព័ន្ធនិងគោរពស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលដើម្បីសុំការសម្រេចផ្តល់ដីសម្រាប់ការសាងសង់បណ្ដាអគាររដ្ឋបាលរបស់ស្ថាប័នអង្គភាពមួយចំនួន ជាមួយនោះក៏មានទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានរាយការណ៍ជូនឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ថា ថ្មីៗកន្លងទៅនេះដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម គណៈកម្មាធិការសមាគមអតីតអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានដំណើរការចាក់បំពេញផ្ទៃដី លើទីធ្លាសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនបានមួយផ្នែកធំរួចមកហើយ ហើយនៅពេលក្រោយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះនឹងបន្តចាក់បន្ថែមទៀតតាមផែនការដែលឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍បានប្រគល់ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមជាមួយក្រសួងស្ថាប័នមានការពាក់ព័ន្ធដែលបានផ្ដល់ដីសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំដើម្បីបម្រើនិរន្តរភាពការងាររបស់សមាគមអតីតយុទ្ធជនហើយដែលជាទីប្រាស្រ័យទំនាក់ទំនងការងារ និងជាមជ្ឈមណ្ឌលសម្រាប់ដោះស្រាយនូវរាល់បញ្ហាផ្សេងៗជូនដល់បងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ត្រូវបន្តទំនាក់ទំនងជាមួយឯកឧត្តមអភិបាលខេត្ត រួមជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំដីឱ្យបានសមស្របតាមទំហំការងាររបស់អតីតយុទ្ធជននៅពេលអនាគត និងត្រូវប្រុងប្រៀបការឈូយឆាយចាក់ដីបំពេញបន្ថែម និងការប្រុងប្រៀបអញ្ជើញសមាសភាព និងប្រុងប្រៀបពិធីការផ្សេងៗបម្រើឱ្យការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជននៅពេលខាងមុខនេះ ឱ្យបានសមរម្យ និងទទួលបានជោគជ័យ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)




