សម្តេច ម៉ែន សំអន អញ្ជើញក្រុងពលីបួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី ដើម្បីបួងសួងសុំសេចក្តីសុខក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មន្រ្តីរាជកាសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ។


ព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ ក៏មានទីតាំងសំខាន់ៗ សម្រាប់រៀបចំសង្ក្រាន្តនិងតំបន់ត្រជាក់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងនោះមានដូចជា ការដាក់ពង្រាយពាងទឹកជាច្រើន ការដាក់តាំងនិងតុបតែង តំណាងក្រុង ស្រុក មានគោម ក្លោងទ្វារសង្រ្កាន្ត ផ្កាភ្ញី ក្រមា មួកស្លឹកត្នោត ស្តង់លក់ផលិតផលក្នុងស្រុក ឆ្នេរខ្សាច់ផ្សាររាត្រី ពស់យក្សតំណាងឱ្យឆ្នាំម្សាញ់ និងតំណាងឱ្យប្រវត្តិខេត្តកំពង់ធំនិងការតុបតែងអំពូលភ្លើងចម្រុះពណ៌ និងការប្រគុំតន្ត្រីសម័យផងដែរ។


ការរៀបចំពិធីក្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមឱ្យដំណើរការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។ ម្យ៉ាងទៀត ដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

ដោយ ស៊ុម វណ្ណា




